ខេត្តបាត់ដំបង៖ កម្លាំង នគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០បានបានបង្ហាញមុខសញ្ញាជួញដូរថ្នាំញៀន ៦នាក់ មុននឹងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរថ្នាំញៀន៦នាក់នេះត្រូវបានចាប់ខ្លួនកាលពីរសៀល ថ្ងៃទី២ វិច្ឆិកា កន្លងទៅ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ក្នុងនោះមានម្នាក់ ឃាត់ខ្លួនតាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូងខេត្ត និងបានរឹបអូសវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង ៦នាក់ មានៈ ១.ឈ្មោះ ឆេង រ៉ាជី ហៅ ភូ ភេទប្រុស អាយុ២០ឆ្នាំ (មានដីកា បង្គាប់ឲ្យនាំខ្លួន របស់លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត) , ២. ឈ្មោះ ខឿន រិទ្ធីសែន ភេទប្រុស អាយុ២២ឆ្នាំ, ៣. ឈ្មោះ ស៊ាន សុធា ភេទប្រុស អាយុ៣០ឆ្នាំ , បីនាក់នេះ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ. ៤.ឈ្មោះ វែង ពិសិដ្ឋ ហៅ ប៉ែល ភេទប្រុស អាយុ២០ឆ្នាំ នៅ, ៥.ឈ្មោះ សង សម័យ ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ , ពីរនាក់នេះ រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ និង៦.ឈ្មោះ ឆាយ សុញ្ញាណ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ។ វត្ថុតាង ដែលចាប់យកបាន រួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤ថង់ ទម្ងន់២,៧៨ក្រាម ទូរស័ព្ទដៃ ៤គ្រឿង កាបូបលុយ២ ប្រាក់៣ពាន់រៀល ម៉ូតូហុងដា ឌ្រីម១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1L8313 ថង់សម្រាប់រំលែកច្រកថ្នាំ ញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងអស់ ឆ្ឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន។
ដោយហេតុនេះហើយទើប លោក សាត គឹមសាន ស្នងការ នគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តការចាត់ការតាមច្បាប់តែម្តង៕
ដោយ÷ប្រាថ្នា