អាមេរិក៖ បើទោះបី មិនទាន់មានលទ្ធផលផ្លូវការ ដោយប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមចុះចាញ់បន្តប្តឹង ទៅកាន់តុលាការ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ ក្នុងរដ្ឋយុទ្ធសាស្ត្រ ប៉ុន្តែពិបាកក្នុងការកែប្រែស្ថានភាព ដោយសារតែសំឡេងគាំទ្រ លោកបៃឌិននៅក្នុងរដ្ឋទាំងនោះមានខ្ពស់ ។
នៅក្នុងរដ្ឋ Wisconsin មានពលរដ្ឋរស់នៅ៦លាននាក់ មាន១០កៅអីតំណាង ហើយលទ្ធផលនៃការរាប់សន្លឹកឆ្នោត លោកបៃឌិនទទួលបាន ៩៤,៤% ស្មើនឹង១.៦៣០.៣៨៩សំឡេង។ ចំណែកលោកត្រាំវិញ ទទួលបាន ៤៨,៨% ស្មើនឹង ១.៦០៩.៨៧៩សំឡេង។
ចំណែករដ្ឋ Michigan មានពលរដ្ឋរស់នៅដល់ទៅ១០ លាននាក់ មានកៅអីតំណាង១៦កៅអី ហើយលទ្ធផលរាប់សន្លឹកឆ្នោត លោកបៃឌិនទទួលបាន ដល់ទៅ ៥០,៣ភាគរយ ស្មើនឹងសន្លឹកឆ្នោតសកល២.៧៥១.១១២សន្លឹក។ ចំណែកលោកត្រាំវិញទទួលបានតែ ៤៨,១ភាគរយ ស្មើនឹងសន្លឹកឆ្នោតសកល ២.៦៣១.៣៥៧សន្លឹក។
ជ័យជម្នះក្នុងរដ្ឋទាំងពីរ ជួយឲ្យលោកបៃឌិនមានកៅអីតំណាងសរុប ដល់ទៅ ២៦៤ ចំណែកលោកត្រាំវិញនៅតែ រក្សា២១៤ដដែល ដោយរដ្ឋសំខាន់គាំទ្រលោកត្រាំមិនទាន់រាប់សន្លឹកឆ្នោតចប់នៅឡើយទេ។
បច្ចុប្បន្ន លោកបៃឌិនខ្វះតែ៦កៅអីតំណាងទៀតតែប៉ុណ្ណោះ ហើយរដ្ឋ Nevada មាន៦កៅអីតំណាងកំពុងតែរងចាំស្រាប់ ដោយ សារសំឡេងគាំទ្រលោកបៃឌិនមាន ៤៩.៣ភាគរយ ស្មើ ៥៨៨.២៥២សន្លឹក។ ចំណែកលោកត្រាំវិញ ទទួលបាន៤៨,៩%ស្មើ និង ៥៨០.៦០៥សន្លឹក។
នៅពេលនេះលោកត្រាំ បានប្រកាសថានឹងប្តឹង ហើយរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋទាំងពីរ ដែលលោកធ្លាប់ឈ្នះកាលពីការបោះឆ្នោតឆ្នាំ២០១៦។ គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែវិច្ឆិកា ចំនួន កៅអីតំណាងដែលបេក្ខភាពទាំងពីរទទួលបានគឺ លោកបៃឌិន មាន២៦៤។ ចំណែកលោកត្រាំ ២១៤។
រដ្ឋ Wisconsin និង Michigan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមកៅអីតំណាង គ្រប់ចំនួនកំណត់២៧០ ។ រដ្ឋទាំងពីរ មានការប្រែប្រួលជារដ្ឋដែលសម្រេច ថាតើបេក្ខភាពរូបណា នឹងក្លាយជាប្រធានាធិបតីដឹកនាំអាមេរិក ៕
ដោយ៖ ធី រីណា