ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋបានហើយតែរត់រួចត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបាន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង០៥នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានសំណង់ ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ ជនសង្ស័យទាំង ២នាក់៖ ១-ឈ្មោះ ពេជ្រ ភក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) និងទី២-ឈ្មោះ លឹម សុផារី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល ខណ្ឌចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ ចូក ចាន់មុនី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារបន្សល់ទុកមានម៉ូតូ១គ្រឿងធុនសេសង់ចិន ពណ៌ព្រីងទុំ គ្មានស្លាកលេខបាន ប្រគល់ឲ្យជនរងគ្រោះវិញ និងកាបូបស្ពាយ១មានម្សៅក្រាមសថ្លា១កូនថង់។
ពាក់ព័ន្ធនឹងករណីនេះដែរលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លោកបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យម្នាក់ទៅតុលាការ ចំណែកម្នាក់ដែលឈ្មោះ លឹម សុផារី ភេទប្រុស អាយុ១២ឆ្នាំ គឺមិនបានបញ្ជូនទៅទេដោយលោកបានប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ច៕
ដោយ៖ ចន្ទ លីហ្សា