ក្នុងដំណាក់កាលកូវីដ-១៩នេះតម្លៃតូបមិនចុះថ្លៃ នាំអោយអាជីវករផ្សារសំរោងធំ ត្អូញត្អែរ តែម្ចាស់ផ្សារបដិសេធ

ចែករំលែក៖

ខេត្តកណ្តាល៖ មានការត្អួញត្អែរពីក្រុមអាជីវករផ្សារសំរោងធំថា ថ្លៃតូបមិនចុះថ្លៃសោះក្នុងដំណាក់កាលកូវីដ-១៩នេះ ទោះបីជាក្រុមអាជីវករក៏ដូចប្រជាពលរដ្ឋទូទៅមានស្ថានភាពពិបាកយ៉ាងណាក៏ដោយ ។ ប៉ុន្តែបញ្ហានេះម្ចាស់ផ្សារសំរោងធំ គឺលោកស្រី ឃ្លាំង សំបូរ បានចេញលិខិតបដិសេធ ។

ផ្សារសំរោងធំ មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ម្ចាស់ផ្សារសំរោងធំ គឺលោកស្រី ឃ្លាំង សំបូរ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបដិសេធតាមរយៈលិខិតមួយថា «ក្រោយពីនាងខ្ញុំម្ចាស់ផ្សារបានសម្របសម្រួលបន្ធូរបន្ថយតម្លៃឈ្នួលតូបប្រចាំខែ កន្លែងលក់ដូរក្នុងផ្សារមក ដោយបងប្អូនអាជីវករមានការឯកភាពជាមួយម្ចាស់ផ្សាររួចមកហើយ ។ ប៉ុន្តែមានសារព័ត៌មានបានចុះផ្សាយខុសពីការណ៍ពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំជាម្ចាស់ផ្សារ»។

លោកស្រី ឃ្លាំង សំបូរ ម្ចាស់ផ្សារសំរោងធំ បន្តថា អាជីវករណាដែលគិតថា តម្លៃតូបប្រចាំខែដែលមានការព្រមព្រៀងគ្នារួចមកហើយ តែមិនមានលទ្ធភាពបង់នោះ លោកស្រីនឹងប្រគល់ប្រាក់កក់កន្លែងជូនវិញគ្រប់ចំនួន។

ម្ចាស់ផ្សារសំរោងធំសង្កត់ធ្ងន់ថា «លោកស្រីមិនបានបង្ខិតបង្ខំឱ្យបងប្អូនអាជីវករលក់ដូរត្រូវតែបន្តជួលនោះទេ»។

ដោយឡែក ចំពោះក្រុមអាជីវករវិញបានលើកឡើងថា ពួកគាត់លក់ដូរនៅផ្សារសំរោងធំនេះខ្លះចូល១០ឆ្នាំហើយ ដោយកាលពីនៅលក់ផ្សារចាស់ពួកគាត់ជួលតែដីម្ចាស់ផ្សារឈ្មោះលោកស្រី ឃ្លាំង សំបូរ ទេ ឯគ្រែលក់ខ្លួនឯង គឺបង់លុយកុងត្រា៥ឆ្នាំតែត្រឹមចំនួន២០ម៉ឺនរៀល បង់ប្រចាំខែចំនួន៤ម៉ឺនរៀល និងបង់ថ្លៃភាស៊ី៥០០រៀលឬ១០០០រៀលប៉ុណ្ណោះ ។

អាជីវករបានបន្តថា ប៉ុន្តែឥឡូវនេះលោកស្រី ឃ្លាំង សំបូរ ដែលជាភរិយា លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានអភិវឌ្ឍផ្សារនេះសង់ខណ្ឌទៅជាតូបៗជាច្រើន ដោយចាក់សាបបាំងជញ្ជាំងដែកសង្ក័សី ក្នុង១តូបទំហំ២,៧ម៉ែត្រប្រាំពីរតឹក៤ជ្រុង សម្រាប់លក់សម្លៀកបំពាក់ ទំនិញគ្រឿងទេស និងគ្រឿងជ័រ ដោយម្ចាស់វិនិយោគយកលុយពីពួកគាត់មុនម្នាក់២០០០ដុល្លារ កុងត្រា៥ឆ្នាំដាច់ និង បង់លុយប្រចាំខែ១ខែ១៣០ដុល្លារផ្សេងទៀត ព្រមទាំងបង់ភាស៊ី១ថ្ងៃ៥០០រៀល ទៅ១០០០រៀលជារៀងរាល់ថ្ងៃ ។

ដោយឡែកតូបទំហំ១,៥ម៉ែត្រ៤ជ្រុង សម្រាប់លក់សាច់ជ្រូក សាច់គោ ត្រី បន្លែ ផ្លែឈើ គឺយកលុយពីអាជីវករមុន ក្នុង១តូបចាប់ពី៧៥០ដុល្លារទៅ១ពាន់ដុល្លារ បង់ប្រចាំខែ១តូប២៥ដុល្លារទៅ៨០ដុល្លារបន្ថែម និងបង់ភាស៊ីពី៥០០ទៅ១០០០រៀល ជារៀងរាល់ថ្ងៃទៀត ហើយបើសរុបតូបទាំងអស់ប្រហែលជាង៧០តូប ។

អាជីវករបន្តទៀតថា មានអ្នកខ្លះខំទៅចងការធនាគារឯកជនយកមកជួលតូបលក់ដូរគ្រាន់បានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ តែដំណាក់កាលកូវីដ-១៩លក់មិនដាច់ក៏នាំគ្នាឈប់លក់ទៅសុំលុយកក់ពីអ្នកវិនិយោគវិញ តែគេមិនឱ្យនោះទេ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print