បាតុកម្មបានកើតឡើងនៅអាមេរិក ដោយក្រុមអ្នកគាំទ្រប្រធានាធិបតីដូណាល់ ត្រាំ ស្នើឲ្យឈប់រាប់សន្លឹកឆ្នោតមិនស្របច្បាប់។
ក្រុមមេធាវីតំណាងឲ្យគណបក្សសាធារណរដ្ឋនិងក្រុមបាតុករបានព្យាយាមចូលទៅកាន់ទីតាំងរាប់សន្លឹកឆ្នោតក្នុងទីក្រុង Detroit រដ្ឋMichigan នៅថ្ងៃទី៤ខែវិច្ឆិកា ពេលវេលានៅអាមេរិក។
ក្រោយពីក្រុមបាតុករ« រាប់សន្លឹកឆ្នោតម្តងមួយ»នៅក្នុងទីក្រុង Portland រដ្ឋOregon ធ្វើបាតុកម្មរួមជាមួយក្រុមបាតុករប្រឆាំងការរើងអើងជាតិសាសន៍ ប្រឆាំងការប្រើអំពើហិង្សាពីសំណាក់កម្លាំងប៉ូលិស ។ បាតុករមួយចំនួនបានវាយបំបែកទ្វារកញ្ចក់ហាងលក់ទំនិញនៅទីក្រុង Portland ។ កម្លាំងប៉ូលិសចាត់ទុកថាជាក្រុមបង្កចលាចល។
នៅក្នុងរដ្ឋMinneapolis រដ្ឋ Minnesota មានបាតុកររាប់រយនាក់បានបិទផ្លូវចរាចរណ៍ បង្ខំឲ្យប៉ូលិសចាប់ខ្លួនបាតុករមួយចំនួន ។ ក្រុមបាតុករបានលើកឡើងថា កម្លាំងប៉ូលិសបានព្យាយាមរារាំងការធ្វើបាតុកម្ម ។
ជាមួយគ្នានេះក៏មានក្រុមបាតុករគាំទ្រលោកបៃឌិនកើតឡើងផងដែរ ។ អ្នកស្រីCarol Carmick អាយុ៥៩ឆ្នាំ បានលើកឡើងថា លោកបៃឌិននឹងឈ្នះឆ្នោតប្រធានាធិបតី ប៉ុន្តែលោកត្រាំ នឹងមិនព្រមចុះចាញ់នោះឡើយ ដោយតស៊ូដើម្បីកាន់អំណាច។ ទាំងនោះនឹងធ្វើឲ្យអាមេរិកកាន់តែអាក្រក់។
ពាក់ព័ន្ធការបោះឆ្នោតអាមេរិក នៅពេលនេះ លោកត្រាំ និងក្រុមការងារបានខិតខំដើម្បីកែប្រែស្ថានភាពដោយមិនព្រមទទួលស្គាល់លទ្ធផលក្នុងរដ្ឋយុទ្ធសាស្ត្រមួយចំនួន ។ រដ្ឋទាំងនោះបានគាំទ្រលោកត្រាំ កាលពីឆ្នាំ២០១៦ ។ ការមិនទទួលស្គាល់របស់លោកត្រាំចំពោះលទ្ធផលបោះឆ្នោត មិនមែនជារឿងចម្លែកឡើយ ដោយនៅមុនពេលបោះឆ្នោត ក្រុមអ្នកជំនាញបានព្យាកររួចរាល់ហើយ៕