រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា៖ ​ប្រតិកម្ម​តប​ទៅ​មេទ័ពកំពូល​មី​យ៉ាន់​ម៉ា ដែល​បាន​រិះគន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង បានប្រកាសកាលពីពេលថ្មីៗនេះថា ដែល​បាន​រិះគន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា ព្រោះលោក ចង់ឲ្យមានការបោះឆ្នោត​សេរី និង​យុត្តិធម៍ ។ ជាការឆ្លើយតបវិញភ្លាមៗអ្នកនាំពាក្យរដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កាលពីថ្ងៃទី​៤ ខែវិច្ឆិកា បានអះអាងថា៖ ការលើកឡើង​របស់​អគ្គ​មេបញ្ជាការ​យោធា មិនមាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​។ សារ​ឆ្លើយឆ្លង​រវាង​យោធា និង​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​បែបនេះ ធ្វើឡើង​មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

បើ​សារព័ត៌មាន Irrawaddy ដកស្រង់សម្តីអ្នកនាំពាក្យ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា លោក U Zaw Htay បាន​បញ្ជាក់ថា កិច្ច​សម្ភាស​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មី​យ៉ាន់​ម៉ា​ឡើយ​។ អ្នកនាំពាក្យ​រដ្ឋាភិបាលរូបនេះ បញ្ជាក់បន្ថែមថាមាត្រា ២៦ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា មន្ត្រី​ស៊ីវិល យោធា និង​ប៉ូលិស មិនត្រូវ​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​ឡើយ​។

ជាមួយគ្នានេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ​អះអាងថា ខ្លួន​មានការ​ទទួលខុសត្រូវ​ពេញលេញ​លើ​កំហុស​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ទាំង​ចេតនា និង​អ​ចេតនា នៅក្នុង​កម្រិត​ខុសៗ​គ្នា​។

សូមជម្រាបថាលោក ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា នាពេលថ្មីៗ​នេះ បាន​រិះគន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោតថា​ បាន​ប្រព្រឹត្ត​កំហុស​មួយចំនួន ដែល​មិនអាច​ទទួលយកបាន​ដូចជា​បញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត បញ្ហា​ចម្រូងចម្រាស​នៅមុន​ការបោះឆ្នោត និង​ការគ្រប់គ្រង​ខ្សោយ​លើ​ការឃោសនា​យុទ្ធនា​រកស​ម្លេ​ង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុងអំឡុង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ជាដើម​។ លោក​ឧ​ត្ត​ម​សេនីយ៍​ បញ្ជាក់បន្ថែមថា មី​យ៉ាន់​ម៉ា ត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។

ដោយឡែកលោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស ​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកាកន្លងទៅ ក៏បាន​តប​ទៅ​សេចក្តីថ្លែងការណ៍​របស់​យោធា​មី​យ៉ាន់​ម៉ា​ ដែល​បានចេញ​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ជុំវិញ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​នេះ​។ លោកស្រី ស៊ូ​ជី បញ្ជាក់ថា ពេលនេះ​មី​យ៉ាន់​ម៉ា កំពុង​ជួប​រឿង ដែល​អាច​បង្ក​ទៅជា​បញ្ហា ដោយ​ក្រុម​យោធា មានបំណង​ញុះញង់​ឲ្យ​ផ្ទុះ​កំហឹង​ជា​សាធារណៈ​។

​គួរបញ្ជាក់ថា មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ ឆ្នាំ២០២០ ហើយការបោះឆ្នោត​នេះ គឺជា​ការជ្រើសរើស​សមា​ជិ​ក​សភា​ជាន់ខ្ពស់​, សភាតំណាងរាស្ត្រ និង​សភា​តំបន់​ឬ​រដ្ឋ​។ វា​ក៏​កំណត់​វាសនា​ប្រធានាធិបតី​ផងដែរ ព្រោះ​បក្ស​ដែលមាន​សមាជិកសភា​ថ្នាក់ជាតិ​ច្រើនមាន​សិទ្ធិ​តែងតាំង​ប្រធានាធិបតី ដែលជា​តំណែង​កំពូល​របស់​ប្រទេស​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print