ថៅកែដែកប្តឹងថៅកែសំណង់ទៅប៉ូលិសក្រុងតាខ្មៅពីបទរំលោភលើទំនុកចិត្តនិងជេរប្រមាថ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បុរសម្នាក់ជាថៅកែដេប៉ូលក់ដែកបានប្តឹងស្ត្រីម្នាក់ជាថៅកែផ្គត់ផ្គង់គ្រឿងសំណង់ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ «ពីបទរំលោភលើទំនុកចិត្តនិងជេរប្រមាថ»  

ថៅកែដេប៉ូលក់ដែក មានឈ្មោះ គុយ ម៉ុន អាយុ៣២ឆ្នាំ ។ ចំណែកថៅកែស្រីផ្គត់ផ្គង់គ្រឿងសំណង់មានឈ្មោះ ហ៊ួត សុខគា ។ 

យោងតាមពាក្យប្តឹងរបស់ដើមបណ្តឹងដែលយើងទទួលបានគឺថៅកែលក់ដែកបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល ឈ្មោះហ៊ួត សុខគា បានហៅគាត់ឱ្យទៅមើលការងារធ្វើឃ្លាំងដាក់អីវ៉ាន់ដោយនិយាយថ្លៃថា ថ្លៃធ្វើដំបូល១ម៉ែត្រការ៉េតម្លៃ១២ដុល្លារ និងថ្លៃជញ្ជាំង១ម៉ែត្រការ៉េ តម្លៃ១០ដុល្លារ ។

ពេលនិយាយគ្នារួចហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដើមបណ្តឹងក៏ហៅកូនជាងនិងដាក់សម្ភារចូលធ្វើរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ គាត់ធ្វើដំបូលហើយ ក៏បានសុំថៅកែស្រីឈ្មោះ ហ៊ួត សុខគា គិតលុយខ្លះដើម្បីយកឱ្យថ្លៃសម្ភារនិងថ្លៃកូនជាង តែគាត់មិនព្រមឱ្យលុយ ស្រាប់តែរំលងបាន២ថ្ងៃ គាត់ហៅជាងថ្មីមកធ្វើនិងមិនព្រមប្រគល់លុយឱ្យថ្លៃធ្វើដំបូលទេ ។ មិនត្រឹមតែប៉ុណ្ណោះ ថៅកែស្រីឈ្មោះ ហ៊ួត សុខគា បានជេរប្រមាថខ្លួនថែមទៀតផង ។ 

ជុំវិញការចោទប្រកាន់នេះ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ យើងបានទំនាក់ទំនងទៅថៅកែស្រីឈ្មោះ ហ៊ួត សុខគា តែលោកស្រីឆ្លើយយ៉ាងខ្លីថា មិនបានស្គាល់ឈ្មោះ គុយ ម៉ុន ទេ រួចចុចបិទទូរស័ព្ទតែម្តង ។  

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា ដើមបណ្តឹងបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយលោកនឹងកោះអញ្ជើញភាគីចុងបណ្តឹងមកសាកសួរបន្ថែម នៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ៕

 

       

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print