ខេត្តតាកែវ៖ លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រោយពីបានទទួលដំណឹងថា ពលរដ្ឋជាច្រើននាក់បានពុលនំបញ្ចុក ហើយត្រូវបានសាច់ញាតិបងប្អូន អ្នកជិតខាងដឹកយកទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនាមជាថ្នាក់ដឹកនាំ អាជ្ញាធរ អាណាព្យាបាល លោកឡាយ វណ្ណៈ បានដឹកនាំ ក្រុមការងារចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដោយផ្ទាល់ដល់មន្ទីរពេទ្យបង្អែកកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ប្រជាពលរដ្ឋយ៉ាងតិច៨៧នាក់ ក្នុងនោះស្រ្តី៥៧នាក់បានរងគ្រោះដោយសារការញាំនំបញ្ចុក ស្ថិតនៅក្នុងឃុំជាងទង ស្រុកតាំ្រកក់ ខេត្តតាកែវ បណ្តាលឲ្យមានអាការវិលមុខ ក្អួតចង្អោរ រាគរូស ខ្លះទន់ដៃទន់ជើងសន្លប់ ទើបយកមកកាន់មន្ទីរពេទ្យដោយប្រញាប់ប្រញាល់បំផុត ។
លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានជំរុញឲ្យលោក ស្រី នូ សុវណ្ណី អភិបាលរងខេត្ត និងលោកហែម សារ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាតែម ម៉េង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចាត់ចែងជាបន្ទាន់ ដោយការយកចិត្តទុកដាក់ គិតគូរដល់សុខភាព ការព្យាបាលរបស់ប្រជាពលរដ្ឋ ។
ក្នុងនោះ លោកបានឲ្យខាងមន្ទីរសុខាភិបាលត្រូវធ្វើយ៉ាងណា ឲ្យក្រុមការងាររបស់គ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ដោយឡែក លោកស្រី នូ សុវណ្ណី អភិបាលរងខេត្តត្រូវបានលោកអភិបាលខេត្តណែនាំ យកអំណោចកាកបាទក្រហមកម្ពុជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ។
ក្នុងការចុះសួរសុខទុក្ខដល់មន្ទីរពេទ្យបង្អែក លោក ឡាយ វណ្ណៈ អភិបាលខេត្តបានសម្តែងនូវភាពស្និទ្ធស្នាល រាក់ទាក់ជាមួយប្រជាពលរដ្ឋ ក្នុងនោះលោកបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសម្រាកឲ្យបានច្រើន និងស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឲ្យអាការរោគរបស់បងប្អូនឆាប់បានជាសះស្បើយ ។
លោកអភិបាលខេត្តក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋផងដែរថា ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា សំខាន់ត្រូវគិតទៅលើសុខភាពជាចម្បង ទាំងការហូបចុក ធ្វើយ៉ាងណាឲ្យមានអនាម័យ ដើម្បីឲ្យបងប្អូនទាំងអស់ទទួលបានសុខភាពល្អ ក្នុងរង្វង់គ្រួសារ ក៏ដូចជាដើម្បីមានឱកាសធ្វើស្រែចម្ការ ប្រកបមុខរបរអាជីវកម្ម ដោះស្រាយចំពោះស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនទាំងអស់ ៕
ដោយ៖ សុខ ខេមរា