កំពង់ឆ្នាំង ៖ បុរសចំណាស់អាយុ៧៥ឆ្នាំត្រូវបានក្រុមគ្រួសារប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន បន្ទាប់ពីត្រូវបានល្បួងក្មេងស្រីជំទង់ម្នាក់យកទៅរំលោភរហូតបានសម្រេចជាច្រើនលើក នៅក្នុងព្រៃ ខណៈដែលក្មេងស្រីរងគ្រោះទៅឃ្វាលគោ ។
ការចាប់ខ្លួនបុរសរូបនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងលំនៅដ្ឋានរបស់ជនសង្ស័យ ក្នុងភូមិតាំងគ្រង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។ ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ កុម្ភៈ ។
សមត្ថកិច្ច បាន ឲ្យដឹងថា ជនល្មោភកាមដែលត្រូវចាប់ខ្លួននេះឈ្មោះ អ៊ុក ជូ អាយុ៧៥ឆ្នាំ រីឯយុវតីរងគ្រោះ មានអាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះ បានកើតឡើងតាំងពីចុងឆ្នាំ២០១៥មកម៉្លេះ ដោយបុរសឈ្មោះអ៊ុក ជូជាជនល្មោភកាមនេះ បានប្រើវិធីលួងលោមរំលោភយុវតីរងគ្រោះបានសម្រេចជាបន្តបន្ទាប់ ជាច្រើនលើកក្នុងខណៈពេលដែលនាងទៅឃ្វាលគោនៅក្នុងព្រៃ ខាងក្រៅភូមិ ។ ប៉ុន្តែរឿងនេះត្រូវបែកការនៅថ្ងៃទី១២ ខែកុម្ភៈ ដោយសារមានពលរដ្ឋទៅរកអុស ហើយបានឃើញសកម្មភាពផ្ទាល់ភ្នែក និង បានទៅប្រាប់ឪពុក ម្តាយ យុវតីរងគ្រោះ ហើយពួកគាត់បានមកប្តឹងសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពល្បួងចាប់រំលោភក្មេងស្រីនេះពិតប្រាកដមែន ដោយបានធ្វើសកម្មល្បួងជាច្រើនលើក ក្នុងពេលដែលក្មេងស្រីនេះមកឃ្វាលគោនៅក្នុងព្រៃ ។ នៅពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយ៖ ចន្ថា