ភ្នំពេញ៖ ជនជាតិចិនម្នាក់រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបKIAមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូMSXមួយគ្រឿងជិះដោយមនុស្សប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនពីរនាក់ជិះរថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AW-8228ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីក៏ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-0107ជិះដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែកជនរងគ្រោះផ្លោងបោកនឹងថ្នល់បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង១ម៉ោង ទើបខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕សុខាសែនជ័យ