ភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសជប៉ុន។ នេះបើយោងតាមក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកឆ្លងកូវីដ១៩ ទាំង០២នាក់នោះ គឺ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ អាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ និងបុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិរាំងដេកឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ក្រសួងបានបន្តថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជ ធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិខ្មែរពីរនាក់ ពេលមកដល់កម្ពុជា បានធ្វើតេស្តលើកទី១ ដោយទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ដែលមានម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតបានជាសះស្បើយ។ រីឯ អ្នកដំណើរចំនួន ៣៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន ០២កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ២៨នាក់) និងនៅវិទ្យាល័យពោចិនតុងចំនួន ០៧នាក់។ ដូច្នេះ អ្នកដំណើរដែលនៅវិទ្យាល័យពោចិនតុងចំនួន ០៧នាក់ ដែលមាន ហានិភ័យក្នុងការចម្លងបន្តពីអ្នកជំងឺទាំងពីរនាក់ខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត៕
មានករណីអ្នកឆ្លងកូវីដ១៩ ថ្មី២នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន
...