អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោកGeorge W. Bushបានប្រកាសថា ពលរដ្ឋអាមេរិកអាចជឿជាក់ទៅលើប្រព័ន្ធបោះឆ្នោតរបស់អាមេរិកដែលមានភាពយុត្តិធម៌ ហើយលទ្ធផលបោះឆ្នោតមានភាពច្បាស់លាស់និងត្រូវបានរក្សាដដែលមិនមានការកែប្រែឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី៨ខែវិច្ឆិកា លោក George W. Bush សមាជិកគណបក្សសាធារណរដ្ឋបានប្រកាសថា លោកបាននិយាយជាមួយលោកបៃឌិន ហើយបានជូនពរលោកពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ខែវិច្ឆិកា។
អតីតប្រធានាធិបតី George W. Bush បានប្រកាសថា ពលរដ្ឋ អាមេរិក អាចជឿជាក់លើការបោះឆ្នោតដោយយុត្តិធម៌ ច្បាស់លាស់ …។ លោកប៊ូសបន្តទៀតថា លោកត្រាំអាចនិឹងស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬតវ៉ាតាមផ្លូវច្បាប់។
ជាមួយគ្នានោះដែរ សារព័ត៌មាន CNN បានដកស្រង់សម្តីអតីតបេក្ខភាពប្រធានាធិបតី លោកMitt Romney ដែលបានបញ្ជាក់ថា លោកមិនឃើញមានការបន្លំនៅក្នុងការបោះឆ្នោតនេះឡើយ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិកគាំទ្រដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី។
លោកMitt Romney បានបញ្ជាក់ថា «យើងចាំបាច់ត្រូវតែគាំទ្រដល់ប្រធានាធិបតីថ្មី និងជូនពរលោកដឹកនាំអាមេរិកឱ្យបានល្អ មិនត្រូវមានសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យតាមរយៈការព្យាយាមចោទប្រកាន់បន្លំក្នុងការបោះឆ្នោតដោយមិនមានភស្តុតាងនោះឡើយ៕