សារព័ត៌មានChannel News Asiaនៅថ្ងៃទី៨ ខែវិច្ឆិកាបានផ្សាយថា កម្លាំងប៉ូលិសថៃ បានបាញ់ទឹកបំបែកក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅមុខការិយាល័យរបស់រាជវាំងនៅទីក្រុងបាងកក។
កន្លងមក ក្រុមបាតុករថៃបានដង្ហែក្បួនបាតុកម្មនៅវិមាន ប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ហើយបន្តដង្ហែក្បួនទៅកាន់ការិយាល័យរាជវាំងដើម្បីដាក់លិខិតថ្វាយព្រះមហាក្សត្រ Maha Vajiralongkorn ស្នើឲ្យកែទម្រង់របបរាជាធិបតេយ្យ។
កម្លាំងប៉ូលិសប្រឆាំងបាតុកម្មបានសម្រេចបាញ់ទឹកបំបែកហ្វូងបាតុករដែលឆ្លងផុតបន្ទាត់ហាមឃាត់ ចូលទៅកាន់តំបន់ Sanam Luang ក្បែររាជវាំងថៃ ។
លោកPiya Tawichai ស្នងការរងកម្លាំងប៉ូលិសថៃ បានឲ្យដឹងថា រដ្ឋាភិបាលនៅថ្ងៃទី៨ខែវិច្ឆិកា បានដាក់ពង្រាយកម្លាំងប៉ូលិសជាង៩០០០នាក់ទៅកាន់វិមានសន្តិភាព និងរាជវាំង ដើម្បីការពារទប់ស្កាត់បាតុកម្មបង្កហិង្សា។
ក្រោយការបាញ់ទឹកបំបែកហ្វូងបាតុករ កម្លាំងប៉ូលិសបានសំុទោស ពីសកម្មភាពខាងលើ។ ការិយាល័យរាជវំាងថៃក៏បានទទួលយកលិខិតរបស់ក្រុមបាតុករ ដែលផ្ញើថ្វាយព្រះមហាក្សត្រផងដែរ៕