បោះឆ្នោតនៅមីយ៉ាន់ម៉ា៖ គណបក្សលោកស្រី ស៊ូជី មានសង្ឃឹមខ្ពស់ និងបន្តដឹកនាំរដ្ឋាភិបាល

ចែករំលែក៖

ក្នុងពេលដែលពិភពលោកបានផ្តោតអារម្មណ៍ទៅលើការបោះឆ្នោត​ប្រធានាធិបតីអាមេរិក ប្រទេសមីយ៉ាន់ម៉ា ក៏បានចាប់ផ្តើមបោះឆ្នោតផងដែរ​ ។ ការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី​៨ខែវិច្ឆិកា ដោយមានគណបក្សនយោបាយដល់ទៅ​៩០ចូលរួម​។​
សារព័ត៌មាន CNA នៅរសៀលថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្សាយថា​ គណបក្សរបស់លោកស្រី អោងសាន ស៊ូជី ត្រូវបានគេរំពឹងថា នឹងអាចឈ្នះឆ្នោត ហើយកាន់អំណាចបន្តមួយ​អាណត្តិទៀត ខណៈការរាប់សន្លឹកកំពុងប្រព្រឹត្តទៅនៅឡើយ មិនទាន់បញ្ចប់នៅឡើយទេ ។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៥ គណបក្សសម្ពន្ធភាពជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីអោង សានស៊ូជី បានយកឈ្នះ និងបានបញ្ចប់ការគ្រប់គ្រងរបស់យោធាជាង ៥ ទសវត្សរ៍ នៅប្រទេសអាស៊ានមួយនេះ។
ប្រទេសមីយ៉ាន់ម៉ាកំពុងរងការគំរាមកំហែងពីការឆ្លងកូវីដ-១៩ ដែលប្រការនេះហើយទើបអ្នកចូលរួមទាំងអស់តម្រូវឲ្យពាក់ម៉ាស់នៅតាមការិយាល័យបោះឆ្នោតទាំងអស់។ បន្ថែមពីលើនេះ ការស្ទង់សីតុណ្ហភាព, ជែលលាងសម្អាតដៃ ក៏ដូចជាការរក្សាគម្លាតសុវត្ថិភាព សុទ្ធតែស្ថិតក្នុងការអង្កេតយ៉ាងតឹងរ៉ឹងផងដែរ។
លោក ហ្សាវ វីនទុន (Zaw Win Tun) មន្ត្រីសង្កេតការណ៍នៅមណ្ឌលបោះឆ្នោតមួយក្នុងទីក្រុងរ៉ង់ហ្គូន បានលើកឡើងថា ចំនួនអ្នកទៅបោះឆ្នោតគឺមានច្រើនជាងអ្វី ដែលយើងបានរំពឹងទុកទៅទៀត។ លោក Zaw បានបន្ថែមទៀតថា ពលរដ្ឋរំភើបសម្រាប់ការបោះឆ្នោតលើកនេះ ព្រោះពួកគេចង់រត់គេចពីការតស៊ូនយោបាយ និងចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ក្នុងការបោះឆ្នោតឆ្នាំនេះមានពលរដ្ឋច្រើនជាង៣៧លាននាក់មានសិទ្ធិបោះឆ្នោត ក្នុងនោះស្របពេលដែលក្រុមបក្សប្រឆាំងមានច្រើន និងចម្រុះលោកស្រី អោង សានស៊ូជី នៅតែជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពបំផុតនៅមីយ៉ាន់ម៉ាដដែល បើទោះបីមានរឿងអាស្រូវមួយចំនួន​ក្តី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print