រុស្ស៊ី៖ វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០%

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីក្រសួងសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា វ៉ាក់សាំង Sputnik V ប្រឆាំងនឹងជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាពជាង ៩០%។ ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និង បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទម្សិលមិញថា វ៉ាក់សាំងដំបូងរបស់ពួកគេ អាចការពារមនុស្សកុំឲ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង ៩០%។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប្រធានវិទ្យាស្ថានស្រាវជ្រាវមួយ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសុខាភិបាលរុស្ស៊ីលោក អូកសាណា ដ្រាបឃីណា (Oksana Drapkina) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងទទួលខុសត្រូវក្នុងការតាមដាន ប្រសិទ្ធភាពនៃវ៉ាក់សាំង Sputnik V ក្នុងចំណោមពលរដ្ឋដែលទទួលវាដំបូងៗ ដែលជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់ប្រទេសរុស្ស៊ី ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់វាឡើយ»។

គួរបញ្ជាក់ថា រុស្ស៊ី កាលពីថ្ងៃចន្ទទី៩ ខែវិច្ឆិកា បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ ២១,៧៩៨ករណី ។ក្រោយប្រកាសករណីនេះហើយ ទើបអាជ្ញាធរបានអំពាវនាវ ឱ្យមានវិធានការណ៍តឹងរ៉ឹងជាងនេះ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាល នៃវីរុសដ៏កាចសាហាវមួយនេះ នៅតាមតំបន់ធំៗមួយចំនួន។

បច្ចុប្បន្ន ប្រទេសរុស្ស៊ី រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ប្រហែលជា ១.៨លានករណីក្នុងនោះមនុស្ស ៣០,៧៩៣នាក់បានស្លាប់ និងមនុស្សច្រើនជាង ១.៣លាននាក់បានជាសះស្បើយឡើងវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print