ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន និងបានប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យដាវីត ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។ ពិធីនេះដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ មានគោលបំណងប្រមូលនូវមតិយោបល់ធាតុចូលនានាពីអង្គប្រជុំ ដើម្បីរួមគ្នាពិនិត្យនូវចំណុចដែលត្រូវបន្ថែម ឬកែសម្រួល។ លោកបានបន្ថែមថា ការរៀបចំឯកសារនេះផងដែរ គឺផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គលេខាធិការដ្ឋាន ក្នុងន័យទុកជាការក្រើនរំលឹក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមចំណុះអគ្គលេខាធិការដ្ឋានក្នុងការអនុវត្ត និងបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន។ នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានបង្ហាញក្ដីសង្ឃឹមថា មន្ត្រីចំណុះអាចយល់បានច្បាស់លាស់ និងបំពេញការងារទៅតាមកំណត់ដូចដែលមានចែងក្នុងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
គួរជម្រាបជូនថា ៖ សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាពការងារ ការអនុវត្តច្បាប់ រក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងរក្សាសេចក្ដីថ្លៃថ្នូរ របស់មន្ត្រីរាជការបំពេញតួនាទី ភារកិច្ចចំណុះអគ្គលេខាធិការដ្ឋាន។
ឆ្លៀតក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានមានមតិស្វាគមន៍ និងប្រគល់អនុក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជូនឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យដាវីត ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការរងផងដែរ ហើយនាយឧត្តមសេនីយ៍អគ្គលេខាធិការ សង្ឃឹមថា នាយនគរបាលជាតិដែលទើបតែងតាំងមុខតំណែងថ្មី នឹងចូលរួមសហការជាមួយថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ដើម្បីរួមគ្នាបំពេញភារកិច្ច ការងាររបស់អគ្គលេខាធិការដ្ឋានឲ្យទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖ សិលា