ភ្នំពេញ៖ មកទល់នឹងពេលនេះ ប្រមាណជា២សប្តាហ៍ទៅហើយ អាជ្ញាធរខណ្ឌជ្រោយចង្វារ គ្មានឆន្ទះដោះស្រាយសំណើសុំប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីម្ចាស់ដីបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។ នេះជាលើកឡើងរបស់ប្រជាពលរដ្ឋ នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងលោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានដាក់ពាក្យបណ្តឹង គោរពចូលមក លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយសំណើសុំប្តឹងលើឈ្មោះ អ៊ុំ ម៉ុន ភេទ ស្រី អាយុ ៧០ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នភូមិក្តីចាស់ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។
ក្នុងពាក្យបណ្តឹងនោះបានលើកឡើងទៀតថា៖ យើងខ្ញុំ សូមគោរពជម្រាបជូន លោកអភិបាល មេត្តាជ្រាបថា៖ កន្លងមកជិត០៥ឆ្នាំ ឈ្មោះ អ៊ុំ ម៉ុន ភេទ ស្រី អាយុ ៧០ឆ្នាំ បានផ្តល់ទីតាំងដីនៅចំណុចភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជួលទៅម្ចាស់អាជីវកម្មអោយឈ្មោះ ថាច់ ទ្រី ដើម្បីធ្វើអាជីវ កម្មបូមខ្សាច់។ ចំពោះការធ្វើអាជីវកម្មបូមខ្សាច់ខាងលើនេះមិនគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខខ័ណ្ឌ របស់ក្រសួងរ៉ែ និងថាមពល ធ្វើអោយមានការរំខានមានសម្លេង ថ្លង់ ធ្វើអោយមានការរំខានដល់ការរស់នៅដល់ អ្នកជិតខាងខុសម៉ោងខុសពេល ដោយពុំមានម៉ោងកំណត់ច្បាស់លាស់ មួយវិញទៀតការដាក់សាឡង់បូមខ្សាច់ ខាងលើនេះគឺធ្វើឡើងនៅជិតផ្ទះជាហេតុបង្កអោយមានហានិភ័យ អាចបាក់ច្រាំងទន្លេ ហើយប្រះស្រាំ ឬដួល រលំផ្ទះរបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះនៅពេលដែលកប៉ាល់បើកចេញចូលម្តងៗ គឺចូលគៀកជាប់ប្រាំង ក្នុងនោះស្លាប ចាក់កប៉ាល់ មានកម្លាំងកាយដីនៅជើងច្រាំងទន្លេផ្នែកខាងក្រោម ទាំងកាយចេញ ទាំងកម្លាំងបុកច្រាំង កួចយ៉ាងខ្លាំង បណ្តាលឱ្យងាយបាក់ច្រាំង និងបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ។ ពួកគាត់បន្តថា៖ ចំពោះអាជីវកម្មបូមខ្សាច់ខាងលើនេះ បានបំពងសម្លេងលាន់ខ្លាំងធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ ហើយការបំពងសម្លេងចេញពីអាជីវកម្មបូមខ្សាច់ នេះគឺចាប់ពីម៉ោង ៥:៣០ជិតភ្លឺ ដល់ម៉ោង ៧:០០យប់ នៅពេលដូរប្រេងម៉ាស៊ីនម្តងៗ គឺខាងអាជីវកម្មគេបង្ហូរចូល ទន្លេតែម្តង គ្មានគិតដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងដែលត្រូវការប្រើប្រាស់ទឹក ឬរក្សាបរិស្ថានទេ។
អាស្រ័យហេតុដូចនេះ ពួកគាត់សូម លោកអភិបាល មេត្តាមានវិធានការធ្វើ យ៉ាងណាអោយម្ចាស់ទីតាំងដី ឈ្មោះ អ៊ុំ ម៉ុន និងម្ចាស់អាជីវកម្ម ធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលកំពុង រស់នៅទីតាំងខាងលើ អោយបានច្បាស់លាស់ ធ្វើឱ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសទៅតាមនិយាមការ ដែលក្រសួងបានកំណត់ គោរពទៅតាមបទដ្ឋានច្បាប់អោយបានត្រឹមត្រូវ ពោល គឺសុំកុំអោយមានការរំខាន កុំឱ្យមានសម្លេងថ្លង់ក្នុងការរស់នៅ។ មួយវិញទៀត ពួកគាត់មានការព្រួយបារម្មណ៍ខ្លាចបាក់ច្រាំងទន្លេប៉ះពាល់ ដល់លំនៅដ្ឋាន។ ហេតុនេះពួកគាត់ សុំឱ្យ លោកអភិបាល កោះអញ្ជើញម្ចាស់ដីឈ្មោះ អ៊ុំ ម៉ុន និង ម្ចាស់អាជីវកម្មបូមខ្សាច់ មកធ្វើកិច្ចសន្យា និងស្នើសុំអោយអាជ្ញាធរ ដែនដីអ្នកជំនាញ ចុះទៅធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសថាតើការធ្វើអាជីវកម្មត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងចំទីតាំងនិយាមការដែល ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថានបានកំណត់ ឬអត់? ស្នើសុំអោយការធ្វើអាជីវកម្មដោយមានការ គោរពម៉ោងពេលវេលាត្រឹមត្រូវដែលច្បាប់បានកំណត់ និងកុំអោយមានសម្លេងរំខានដល់ការស់នៅប្រជាពលរដ្ឋ ទៀត។
ប្រជាពលរដ្ឋបន្តថា៖ បន្ទាប់ពីដាក់ពាក្យបណ្តឹងចូលសាលាខណ្ឌ តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មកទល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌគ្មានឆន្ទះជួយដោះស្រាយជូនប្រជាពលរដ្ឋ ទាល់តែសោះ ។ ឃើញតែក្រុមការងារខាងក្រសួងរ៉ែ និងថាមពល បានចុះមកពិនិត្យមើល និងទទួលស្គាល់ពីការបំពងសម្លេង ហានិភ័យ បាក់ជ្រាំងទន្លេ រលំលំនៅដ្ឋាន ប្រជាពលរដ្ឋ ។ ក្នុងនោះក៏ក្រុមការងារលើកឡើងថា៖ «សូម្បីតែពួកគាត់ ក៏ទទួលយកអត់បានដែរ ចំពោះការបំពងសម្លេង រំខានដល់ការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ» …ដោយបន្តធ្វើការបកស្រាយជូនប្រជាពលរដ្ឋថា៖ «ខាងក្រសួងគ្មានសមត្ថកិច្ចចំពោះការដោះស្រាយទៅលើទីតាំងដាក់ម៉ាសុឺនបូមលើកខ្សាច់ឡើងទៅលើ ឬបន្តទៅកន្លែងផ្សេងនោះបានទេ ព្រោះជាភារកិច្ចរបស់ ម្ចាស់ដីជួយទីតាំងឱ្យក្រុមហ៊ុន និងអាជ្ញាធរជាអ្នកអនុញ្ញាត ….ខាងក្រសួងផ្តល់អាជ្ញាបណ្ណឱ្យធ្វើអាជីវកម្មបូមកណ្តាលទន្លេ បើកន្លែងលើកខ្សាច់ជាប់ជ្រាំង ជាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា៖ បន្ទាប់ពីគ្មានដំណោះស្រាយពីអាជ្ញាធរខណ្ឌជូនប្រជាពលរដ្ឋនោះ លោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ជាជនរងគ្រោះ រងនូវសម្លេងបំពងខ្លាំង ផ្ទះគាត់ក៏មានកន្លែងប្រេះស្រាំ ក៏បានសំណូមពរសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វារ ចាត់វិធានការតាមពាក្យបណ្តឹងផង ដើម្បីអោយប្រជាពលរដ្ឋ និងក្រុមគ្រួសារគាត់ រួចផុតពីបំពងសម្លេង ថ្លង់ បានរស់នៅទទួលទានដំណេកសុខផង និងមានកម្លាំង ពេលវេលា សម្រាប់ទៅជួយលើវិស័យសុខាភិបាល ព្យាបាលកុមារតូចៗដែលមានជម្ងឺមកពិនិត្យ សម្រាក ព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ។
ពាក់ព័ន្ធករណីនេះ កន្លងទៅលោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ធ្លាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា លោកឱ្យក្រុមការងារចុះធ្វើកិច្ចការនោះហើយ មិនអីទេបើប្រជាពលរដ្ឋគាត់ប្តឹង ត្រូវតែចាត់ការ និងរកដំណោះស្រាយ។ ប៉ុន្តែប្រជាពលរដ្ឋបានបញ្ជាក់ថា៖ អត់ឃើញអាជ្ញាធរមកសួរប្រជាពលរដ្ឋ តាំងពីថ្ងៃដាក់ពាក្យបណ្តឹង មកដល់បច្ចុប្បន្ន។
លោក ឃ្លាំង ហួត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរស័ព្ទចូលគ្មានអ្នកទទួល និងប្រព័ន្ធជាប់រវល់ ។ ដោយឡែកការសួរតាមប្រព័ន្ធ Telegram គាត់បានបើកមើល តែមិនបានធ្វើអធិប្បាយ ឆ្លើយតប។
ប្រជាពលរដ្ឋនិយាយនៅព្រឹកមុិញថា៖ «មិនត្រឹមតែអ្នកធ្វើអាជីវម្មបូមខ្សាច់មិនយកចេញពីទីតាំងនេះទេ ថែមទាំងយកម៉ាសុឺនថ្មី និងទុយោមកបន្ថែមទៀត គ្មានក្រឡាណាដែលត្រូវអាជ្ញាធរយកចិត្តដោះស្រាយសោះ ពួករស់នៅដោយលំបាកលើការបំពងសម្លេង៥ឆ្នាំទៅហើយ ល្មមផ្តល់សេចក្តីសុខ ឱ្យពួកគាត់បានរស់នៅដោយស្រួលផង។
សូមរំឮកថា៖ កន្លងទៅការធ្វើអាជីវកម្មបូមខ្សាច់នេះបាន បណ្តាលឱ្យបាក់ជ្រាងទន្លេ និងផ្ទះប្រជាពលរដ្ឋ។ ពួកគាត់ក៏បានធ្វើជុសជុលឡើងវិញដោយខ្លួនឯង ។ បច្ចុប្បន្ននេះ ផ្ទះរបស់ លោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក៏បន្តចាប់ផ្តើមប្រេះស្រាំបណ្តើរៗទៀត កាន់តែបង្កើនការព្រួយបារម្ភដល់ការរស់នៅប្រជាពលរដ្ឋ ទាំងបំពងសម្លេងថ្លង់ ហានិភ័យបាក់ជ្រាំង រលំផ្ទះ ប្រេះស្រាំផ្ទះ។
លោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា គាត់គ្មានជំនឿទៅលើអាជ្ញាធរខណ្ឌ មានឆន្ទះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ និងគ្រួសារគាត់ គាត់មានតែសូមការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយក្នុងរឿងនេះ ដើម្បីឱ្យអាជ្ញាធរខណ្ឌ មានការទទួលខុសត្រូវលើការងារ តួនាទី ភារកិច្ចរបស់ខ្លួន ។
ប្រជាពលរដ្ឋបានលើកឡើងថា៖ សង្ស័យអាជ្ញាធរសង្កាត់បាក់ខែង អាជ្ញាធរខណ្ឌជ្រោយចង្វារ មានការឃុបឃិតជាលក្ខណៈប្រព័ន្ធ ពីការទាញយកផលប្រយោជន៍ណាមួយពី ម្ចាស់ធ្វើអាជីវកម្មបូមខ្សាច់ ទើបគ្មានឆន្ទះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដែលកូនចៅរបស់ខ្លួនក្នុងមូលដ្ឋាន ៕
ដោយ៖ សុខ ខេមរា
https://youtu.be/aSSCNZddBaw