សមាជិកសភាបក្សប្រឆាំង ៤រូបនៅហុងកុង ត្រូវបណ្តេញចេញ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលទីក្រុងហុងកុង នាថ្ងៃពុធទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ទីក្រុងហុងកុង បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះបណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។

បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានដកស្រង់ចេញផ្សាយនីក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖សមាជិកសភាប្រឆាំង ០៤រូប គឺលោក អាល់វីន យ៉ាង (Alvin Yeung), ឌែននីស ក្វុក (Dennis Kwok), ក្វុក កាគី (Kwok Ka-ki), និងឃែនណេត លាង Kenneth Leung ត្រូវបានដកសិទ្ធពីបទបង្កគ្រោះថ្នាក់ ដល់សន្តសុខរបស់ជាតិ។ ពួកគេស្ថិតក្នុងចំណោមសមាជិកសភាប្រឆាំង ១២រូប ដែលត្រូវបានដកសិទ្ធិ ពីការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានពន្យារពេលដោយហេតុផលផ្សេងៗ រួមមានការគប់គិតជាមួយកម្លាំងបរទេស និងការប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មីផងដែរ។

សូមជម្រាបថា សមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩រូប កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានលាលែងពីតំណែងប្រសិនបើមានសមាជិកសភា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យណាម្នាក់ ត្រូវបានគេដកសិទ្ធិ ដោយបានលើកឡើងថា វាឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ពួកគេ និងបានបង្ហាញថា តើក្រុងប៉េកាំងអាចមានឆន្ទៈក្នុងការបង្ក្រាប ក្រុមប្រឆាំងតាមរបៀបណាផងដែរ។

ដោយឡែក ចំពោះការដកសិទ្ធិនេះ ទំនងជានឹងធ្វើឱ្យមានការព្រួយបារម្ភ ដល់បណ្ដាប្រទេសលោកខាងលិច អំពីស្វ័យភាពរបស់ទីក្រុងហុងកុង ដែលបានសន្យាក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» បន្ទាប់ពីចក្រភពអង់គ្លេស បានប្រគល់វាទៅឱ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧ ខណៈលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក បន្តពីលោក ដូណាល់ ត្រាំ (Donald Trump) ដែលបានសន្យាថា នឹងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print