សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្ទាល់ជូនពូជស្រូវស្រាល និង អង្ករ ព្រមទាំងគ្រឿងឧបភោគបរិភោគជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា ការជួបជុំថ្ងៃនេះ គឺជាការជួបគ្នាដើម្បីជួយគ្នា និងជាកិច្ចការសំខាន់បន្ទាន់ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ដើម្បីផ្តល់អំណោយឱ្យបានផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងពេលដែលពួកគាត់កំពុងមានតម្រូវការស្បៀងអាហារសម្រាប់ដោះស្រាយការហូបចុក និងសម្ភារៈសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រូវពូជដើម្បីស្តារផលដំណាំឡើងវិញ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា
ក្នុងឆ្នាំ២០២០នេះ នៅលើពិភពលោកទាំងមូល ជាពិសេសតំបន់អាស៊ាន គឺប្រទេសភាគច្រើនបានរងគ្រោះដោយទឹកជំនន់។ កម្ពុជាយើងក៏ដូចគ្នា គឺយើងមិនអាចគ្រប់គ្រងគ្រោះធម្មជាតិបានទេ ដោយយើងរងគ្រោះខ្លាំងនៅភាគខាងលិច បន្តមករាជធានីភ្នំពេញ ហើយឥឡូវភាគខាងកើតក៏បានរងគ្រោះដូចគ្នា។ ប៉ុន្តែអ្វីដែលយើងបានធ្វើ គឺការរួបរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ។ ចាប់តាំងពីដើមទីនៃគ្រោះទឹកជំនន់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំអន្តរាគមន៍ដោះស្រាយទាំងក្នុងប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញ នៅគ្រប់តំបន់រងគ្រោះនៅទូទាំងប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវប្រមូលកៀរគរប្រភពធនធានពីគ្រប់យន្តការ ទាំងយន្តការរាជរដ្ឋាភិបាល និងយន្តការសប្បុរសជនក្នុង និងក្រៅប្រទេស ចូលរួមក្នុងចលនាសាមគ្គីមនុស្សធម៌នេះ ដោយទទួលបានគាំទ្រ និងការចូលរួមជាច្រើន។ សប្បុរសជន តែងជួយគាំទ្រដល់អ្នកជួយពិត ព្រោះពួកគាត់ឃើញប្រជាពលរដ្ឋដែលកំពុងទទួលរងការលំបាកពិត។

លោកបណ្ឌិតបន្តថា ជាគោលការណ៍ដឹកនាំប្រទេសរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺផ្តោតការលើការជួយសង្គ្រោះប្រជាពលរដ្ឋដោយជាក់ស្តែង និងប្រកបដោយនិរន្តរភាព។ គោលនយោបាយនេះ គឺត្រូវបានអនុវត្តជាប់រហូតមកក្នុងរយៈកាលកន្លងមកនេះ ហើយនឹងបន្តអនុវត្តជាហូរហែជាប់ទៅមុខទៀត។ ទីណាមានការលំបាក ពេលណាមានការលំបាក គឺមានការជួយសង្គ្រោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, មានការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់ជាតិ និងមានការចុះជួយផ្ទាល់របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយគ្មានការរើសអើងអ្វីទាំងអស់។ នេះ គឺជាភាពជាក់ស្តែង នៃការខិតខំប្រឺងប្រែង ដោយបានអនុវត្តពិតប្រាកដ និងមិនមែនជាការសន្យា ដោយខុសពីអ្នកនយោបាយមួយចំនួន ដែលមិនខ្វល់ខ្វាយអើពើអំពីសុខទុក្ខរាស្ត្រ ហើយអ្វីដែលពួកគេបានធ្វើ គឺការញុះញង់បំបែកបំបាក់មិនរើសពេល មិនរើសវេលា សូម្បីតែក្នុងពេលរាស្ត្រមានទុក្ខនៅក្នុងគ្រោះទឹកជំនន់ដូចពេលនេះ ធ្វើយ៉ាងណាបង្កចលាចល និងអសន្តិសុខ ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយរបស់ពួកគេ។

ក្នុងឱកាសនោះដែរលោក បណ្ឌិត ហ៊ុន ណែត បានថ្លែងអំណរគុណចំពោះគ្រប់បណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់, កម្លាំងប្រជាពលរដ្ឋ, កម្លាំងយុវជនស្ម័គ្រចិត្ត និងសប្បុរសជាតិ-អន្តរជាតិ ដែលបានរួបរួមក្នុងធ្លុងមហាសាមគ្គីឯកភាពជាតិ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងឱ្យឆ្លងផុតវិបត្តិគ្រោះធម្មជាតិនេះ។ ពេលដែលលំបាក គឺជា ពេលដែលយើងត្រូវរួបរួមជួយយកអាសារគ្នា។

លោកក៏បាននាំមកនូវការផ្តាំផ្ញើរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ០៣ ចំណុច៖ ទី១. សូមអរគុណប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ ដែលតែងជឿទុកចិត្ត និងការផ្តល់ការទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា, ទី២. សូមអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំនយោបាយ គ្រាន់តែជាកត្តាដឹកនាំប៉ុណ្ណោះ ប៉ុន្តែការបង្កើត និងថែរក្សាបាននូវសន្តិភាពបានឋិតថេរយូរអង្វែង គឺអាស្រ័យលើប្រជាពលរដ្ឋ ។ ជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយសារនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែប្រសិនបើប្រជាជនមិនត្រូវរ៉ូវគ្នា និងមិនទុកចិត្តគ្នា នោះសង្គ្រាមមិនអាចបញ្ចប់ទេ ហើយក៏គ្មាននិរន្តរភាពផងដែរ។ ដោយហេតុនេះហើយ ទើបរាល់ការប៉ុនប៉ងនានាក្នុងការបង្កចលាចល និងអសន្តិសុខ ដោយអ្នកនយោបាយមួយចំនួន ក្នុងរយៈកាលកន្លងមក ក្នុងចេតនាបំផ្លិចបំផ្លាញគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានទទួលជោគជ័យសោះឡើយ នេះក៏ដោយសារតែប្រជាពលរដ្ឋមិនគាំទ្រ និងមិនចូលរួម។

ប្រជាពលរដ្ឋយើងដែលគិតគូរដល់ប្រទេសជាតិ ប្រាកដជាយល់ច្បាស់ណាស់ថា ប្រទេសជាតិមួយរីកចម្រើនទៅបានដោយសារប្រជាពលរដ្ឋប្រទេសនោះ ដែលរួមសាមគ្គីគ្នា។ បច្ចុប្បន្ននេះ យើងជាខ្មែរដែលលែងបែកបាក់ ជាខ្មែរដែលរួបរួមគ្នាជួយគ្នា។ ទី៣. សូមចូលរួមបង្ការទប់ស្កាត់ និងយកចិត្តទុកដាក់បង្ការថែទាំ និងពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាជម្នះលើវិបត្តិនៃជំងឺកូវីដ-១៩។ កត្តាជោគជ័យធំទៅកាន់ជោគជ័យនេះ គឺការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីសេចក្តីសុខរបស់ជាតិយើងទាំងមូល៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print