ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចុះទៅដល់គោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ ការធ្វើបែបនេះគឺដើម្បីជាការរំលឹកឱ្យប្រជាពលរដ្ឋពាក់ម៉ាសជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាព ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ-១៩ ។
ក្នុងនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានផ្ដាំផ្ញើនិងណែនាំឱ្យប៉ូលិសចរាចរណ៍ដែលឈរនៅគោលដៅនោះ បន្តការចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ឱ្យពួកគាត់ពាក់ម៉ាស។
លោកបញ្ជាក់ថា ម៉ាសទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ–១៩ ។ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ៕. សំរិត