មេធាវី Douglas Emhoff ស្វាមីរបស់លោកស្រី Kamala Harris អនាគតអនុប្រធានាធិបតីអាមេរិក បានប្រកាសឈប់ពីការងារដើម្បី មកចូលរួមជាមួយភរិយា ក្នុងការដឹកនាំអាមេរិក ក្នុងរដ្ឋាភិបាលថ្មីរបស់លោក បៃឌិន ។
តាមសារព័ត៌មាន RT លោក Emhoff នឹងចាកចេញពីក្រុមហ៊ុនច្បាប់ DLA Piper នៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ពេលលោកបៃឌិន ស្បថចូលកាន់តំណែង រួមជាមួយភរិយារបស់លោកគឺលោកស្រី Kamala Harris។ នៅពេលនេះអ្នកនាំពាក្យលោកបៃឌិន បានបញ្ជាក់ថា «លោក Douglas Emhoff បានចូលរួមធ្វើការជាមួយក្រុមការងារ ផ្ទេរអំណាចរបស់ Biden/Harris ។ ក្រៅពីលោក Emhoff នៅមានអ្នកឯកទេសវិភាគរបស់បណ្តាញព័ត៌មាន MSNBC ៣រូប ក៏បានចូលរួមបម្រើក្នុងរដ្ឋាភិបាលរបស់លោកបៃឌិនផងដែរ។
នៅពេលនេះ លោក Emhoff មិនទាន់កាន់តំណែងណាមួយនៅឡើយទេ ។ ក្រៅពីនេះ បុគ្គលិករបស់ MSNBC ៣រូបគឺ Barbara McQuade, Richard Stengel និង Ezekiel Emanuel ក៏នឹងចូលរួម ជាមួយក្រុមការងារច្បាប់ ប្រព័ន្ធផ្សព្វផ្សាយនិងក្រុមប្រឆាំងកូវីដ-១៩ របស់លោកបៃឌិនដែរ។
នៅថ្ងៃទី១១ខែវិច្ឆិកា លោកចូ បៃឌិន បានជ្រើសរើសលោក Ron Klain ធ្វើជាប្រធានការិយាល័យសេតវិមាន ដែលជាតំណែងមានឥទ្ធិពលបំផុតនៅសេតវិមាន។ លោក Ron Klain គឺជាទីប្រឹក្សាដែលគួរឲ្យទុកចិត្ត បំផុតរបស់លោកបៃឌិន៕