ក្រសួងសុខាភិបាលជំរុញឱ្យ លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំង២៥ គ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំង ២៥ ពីការពង្រឹងការងារគ្រប់គ្រង រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ និងតាមដានបុគ្គលក្នុងការអនុវត្តវិធានការ យោងសំខាន់ៗនៃការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ក្នុងនាមក្រសួងសុខាភិបាល និងខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញ ភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់ មានការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ណាមួយនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធទៅ នឹងព្រឹត្តិការណ៍០៣ វិច្ឆិកា នេះ ការធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ត្រឹមត្រូវ គឺជាគន្លឹះសំខាន់សម្រាប់កាត់ផ្តាច់ការ ចម្លងវីរុសកូវីដ -១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូលក្នុងសហគមន៍។ ដូច្នេះ ខ្ញុំសូម លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ជាបន្តទៀត ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល និងការពង្រឹងវិធានការសំខាន់ៗនៃ ការធ្វើចត្តាឡីស័កតាមផ្ទះ តាមសណ្ឋាគារ និងតាមទីតាំងមណ្ឌលចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពង្រឹងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ឯកភាពប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាម មូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ពីការគ្រប់គ្រងពលករដែលវិលត្រឡប់ មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅ ដោយត្រូវ៖

១. ចាត់កម្លាំងសមត្ថកិច្ចជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័កឲ្យបានម៉ឺងមាត់ជាទីបំផុត។ 

២. ចាត់កម្លាំងសហការជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និង តាមដានការអនុវត្តវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឱ្យបានទៀងទាត់ និងហ្មត់ចត់ ជាទីបំផុត។ 

៣. ម្យ៉ាងទៀត នៅតាមសណ្ឋាគារដែលទទួលធ្វើចត្តាឡីស័ក ត្រូវចាត់ឲ្យមានការយាមកាមច្បាស់លាស់ ហើយ ម្ចាស់សណ្ឋាគារ ក៏ត្រូវដាក់អ្នកយាម និងមានការត្រួតពិនិត្យតាមដានអ្នកធ្វើចត្តាឡីស័ក ឱ្យបានច្បាស់លាស់ មិនអនុញ្ញាតឲ្យចេញដើររហេតរហូតឡើយ។

៤. ក្នុងករណីដែលពិនិត្យទៅឃើញថា ការអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះមិនបានត្រឹមត្រូវ ឬប្រសិនបើ បុគ្គលនោះមិនមានលទ្ធភាពក្នុងការធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ទៅតាមការកំណត់របស់ក្រសួង សុខាភិបាល សូមចាត់បញ្ជូនអ្នកទាំងនោះមកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករដ្ឋដែលបានកំណត់ ដោយក្រសួងសុខាភិបាលឱ្យបានច្បាស់លាស់។

៥. ក្នុងករណី មានបុគ្គលណាមិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់សហការអនុវត្តច្បាប់ទៅតាមបទដ្ឋានគតិយុត្តដែលមានជាធរមាន តាមអនុក្រឹត្យលេខ ១២៩ អនក្រ .បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជា អន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល និងតម្រូវឱ្យអនុវត្តការធ្វើចត្តាឡីស័កសារឡើងវិញឲ្យគ្រប់ចំនួន១៤ថ្ងៃ៕

 

 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print