សារអ្នកនាំពាក្យក្រសួងសុខាភិបាលជូនចំពោះអ្នកសារព័ត៌មានដើម្បីការពារសុខភាព ទប់ស្កាត់ការចម្លងរោគពីបុគ្គលម្នាក់ទៅម្នាក់ និងដើម្បីកម្ពុជាចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់  និងអនុវត្តវិធានការសុខាភិបាលឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ ដោយ៖

១-ពាក់ម៉ាស់ជាប់ជានិច្ចរាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។

២-ឧស្សាហ៍លាងដៃជាមួយអាល់កុល  ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុលឬទឺកជែលលាងដៃ)។

៣-រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងទៅ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន  ឬពេលចូលទៅថតព្រឹត្តិការណ៍អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មានដែលចង្អៀតកកកុញ  ទោះជានៅកន្លែងណាក៏ដោយ។

៤-ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារដែលបានប្រើរួចភ្លាមៗជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ។

៥-ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូឱ្យបុគ្គលម្នាក់និយាយត្រូវសម្អាតជាមុនដោយប្រើអាល់កុល  ឬទឹកសម្លាប់មេរោគ  ពេលចប់  ត្រូវសម្អាតម្តងទៀត។ សូមចៀសវាងការទាញក្បាលមេក្រូដាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដើម្បីនិយាយព័ត៌មាន ដែលជួនកាលក៏មានការទាញយកមកនិយាយខ្លួនឯងផ្ទាល់ដែរ ដោយមិនបានជូតសម្អាតដោយប្រើអាល់កុល  ឬទឹកសម្លាប់មេរោគ។

៦-ប្រសិនបើលោកអ្នកមានការក្អកកណ្តាស់ ត្រូវចេះអនុវត្តវិធានការការពារដោយខ្ទប់មាត់និងច្រមុះដោយម៉ាស់  កន្សែង  ក្រមា ឬក្រដាសជូតមាត់រួចបោះចោលក្រដាសជូតមាត់ដែលបានប្រើហើយនោះ ក្នុងធុងសំរាមត្រឹមត្រូវ។

៧-បុគ្គលដែលមានបញ្ហាសុខភាពឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ (អាចធ្វើការពីផ្ទះបាន ប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាននោះឡើយ  ហើយស្វែងរកការពិគ្រោះពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥ ៕

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print