ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈជនរងគ្រោះរូបនេះបើកម៉ូតូសណ្ដោងរុឺម៉កដឹកសាច់និងឆ្អឹងគោមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយរថយន្តកាមរី ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបានកើតឡើងកាលពី
ថ្ងៃ សុក្រ ១៣ រោច ខែ កត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥និង៣៥ នាទីព្រឹក លើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសបើកម៉ូតូសណ្ដោងរុឺម៉ករបួសធ្ងន់មានឈ្មោះទេស សារ័ត្ន អាយុ៤១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។
ចំណែកអ្នកបើករថយន្តឈ្មោះ យ៉ន សា
រ៉ាក់ធារ៉ា អាយុ ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង មិនមានរងរបួសនោះទេ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខដឹកឆ្អឹងនិងសាច់គោពេញក្នុងទិសដៅពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព និងមិនគោរពសិទ្ធិអាទិភាព បានបើករុឺម៉កទៅបុក
រថយន្ដម៉ាកកាមរី ពណ៌សំបកឱឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២I-៨៥៧៣ ដែលបើកបញ្ច្រាសគ្នាពីលិចទៅកើតយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។
ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយ៕ ដោយ៖ យឹម សុថាន