ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។ នេះបើយោងតាមក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួនសរុប ៧១នាក់ ដែលក្នុងចំនួននេះមានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរ៧០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។
ដោយឡែកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់៕
ដោយ៖ សិលា