FAO ៖ ព្រោះតែវិបត្តិ​ជំងឺ​កូ​វីដ-​១៩ ជម្លោះ និង​កង្វះខាត​ជំនួយ​មនុស្សធម៌ ធ្វើឲ្យបណ្តា​ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការកើតមាន​គ្រោះ​ទុរ្ភិក្ស​

ចែករំលែក៖

អន្តរជាតិ៖ យោងតាមរបាយការណ៍វាយតម្លៃថ្មីមួយដោយទីភ្នាក់ងារស្បៀងអាហារនិងកសិកម្ម (FAO) និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រទេសចំនួន ២០ ជាកន្លែងងាយរងគ្រោះខ្លាំងពីកង្វះខាតស្បៀងអាហារ មិនតែប៉ុណ្ណោះរបាយការណ៍ដដែរ បានព្រមានថា ប្រទេសចំនួនបួននៅក្នុងនោះរួមមាន៖ ប្រទេសបួគីណាហ្វាសូនៅតំបន់ Sahel ភាគខាងជើងប្រទេសអាហ្វ្រិក តំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា ប្រទេសស៊ូដង់ខាងត្បូង និងយេម៉ែន អាចធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស ប្រសិនបើស្ថានភាពបន្តធ្លាក់ចុះដុនដាបនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ

ដោយសារតែវិបត្តិជំងឺកូវីដ​-១៩ ជម្លោះ និងកង្វះខាតជំនួយមនុស្សធម៌ កំពុងតែជំរុញឲ្យមានភាពអត់ឃ្លានកាន់តែខ្លាំងឡើងនៅលើពិភពលោកដោយបណ្តាប្រទេសមួយចំនួនកំពុងប្រឈមនឹងការកើតមានគ្រោះទុរ្ភិក្សនេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារទទួលបន្ទុកស្បៀងអាហាររបស់អង្គការសហប្រជាជាតិ

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សជាង ១០០ លាននាក់នៅលើពិភពលោក កំពុងតែរងគ្រោះដោយសារកង្វះខាតស្បៀងអាហារធ្ងន់ធ្ងររួចទៅហើយ កម្មវិធីនេះបានព្រមានថា ចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងចំនួន១២១ លាននាក់បន្ថែមទៀត បើមិនមានចំណាត់ការជាបន្ទាន់ណាមួយដើម្បីទប់ទល់នឹងកំណើនភាពអត់ឃ្លាននៅលើពិភពលោកនោះទេ

បើតាមលោក Luca Russo អ្នកវិភាគជាន់ខ្ពស់ផ្នែកវិបត្តិស្បៀងអាហារនៃទីភ្នាក់ងារទទួលបន្ទុកស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថា មិនមានភស្តុតាងណាមួយបង្ហាញពីគ្រោះទុរ្ភិក្សកើតមាននៅឡើយទេនាពេលបច្ចុប្បន្ននៅក្នុងប្រទេសទាំងនេះ

អ្នកវិភាគជាន់ខ្ពស់ផ្នែកវិបត្តិស្បៀងអាហាររូបនេះ ថ្លែងថា«​ជាទូទៅ នៅពេលដែលអ្នកប្រកាសថា មានគ្រោះទុរ្ភិក្ស វាតែងតែយឺតពេលទៅហើយ ដូចដែលយើងបានសង្កេតឃើញកាលពីអតីតកាលជាមួយនឹងប្រទេសសូម៉ាលី នៅពេលដែលគ្រោះទុរ្ភិក្សត្រូវបានប្រកាសឡើងមនុស្សប្រមាណ សែនម៉ឺននាក់បានស្លាប់បាត់ទៅហើយដោយសារគ្រោះទុរ្ភិក្ស ដូច្នេះយើងចង់បង្ហាញសញ្ញាព្រមានជាមុន មុនពេលគ្រោះទុរ្ភិក្សកើតឡើង ហើយយើងក៏ចង់សង្កត់ធ្ងន់ពីកត្តាចម្បងមួយចំនួនដែលត្រូវការតាមដានផងដែរ​»​

ជាក់ស្តែងរបាយការណ៍ខាងលើក៏បានលើកឡើងពីការកើនឡើងនៃអំពើហិង្សា និងវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩ អាកាសធាតុអាក្រក់ និងកង្វះខាតការទទួលបានជំនួយមនុស្សធម៌ផ្សេងៗ ជាកត្តាជំរុញចម្បងនៅពីក្រោយភាពអត់ឃ្លាន របាយការណ៍បានកត់សម្គាល់ថាកត្តាទាំងនេះបានបង្កឲ្យមានការកើនឡើងច្រើនជាងមុនបីដងនៃចំនួនមនុស្សប្រឈមនឹងភាពអត់ឃ្លានចាប់តាំងពីឆ្នាំ ២០១៩មក នៅប្រទេសបួគីណាហ្វាសូ ហើយកត្តាទាំងនេះក៏ស្ថិតនៅពីក្រោយបញ្ហាអសន្តិសុខស្បៀងអាហារ និងកង្វះអាហាររូបត្ថម្ភកម្រិតខ្ពស់ក្នុងចំណោមកុមារនៅប្រទេសយេម៉ែនផងដែរ

ចំពោះបញ្ហាអសន្តិសុខស្បៀងនិងបញ្ហាភាពអត់ឃ្លានកំពុងតែកើនឡើងនៅរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា ទីដែលក្រុមសកម្មប្រយុទ្ធ Boko Haram នៅតែជាកម្លាំងប្រយុទ្ធប្រកបដោយគ្រោះថ្នាក់មួយនេះបើតាមការលើកឡើងរបស់លោក Russo បានប្រាប់VOAផងដែរ

ជាមួយគ្នានេះលោក Russo មានប្រសាសន៍ថា«​ទាំងនេះជាកន្លែងដែលនាពេលបច្ចុប្បន្នមិនមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌ដូច្នេះ មានន័យថា ប្រជាជនត្រូវពឹងអាស្រ័យលើខ្លួនឯងនៅក្នុងស្ថានភាពដែលពួកគេត្រូវផ្លាស់ប្តូរទីលំនៅ ហើយនេះជាអ្វីដែលអាចបង្កឲ្យមានគ្រោះទុរ្ភិក្ស នៅប្រទេសស៊ូដង់ខាងត្បូង យើងនិយាយអំពីរដ្ឋ Jonglei​ នៅទីនោះ មានលទ្ធភាពអាចផ្តល់នូវជំនួយមនុស្សធម៌បានប៉ុន្តែមានករណីគ្រោះទឹកជំនន់ ជម្លោះជាដើម ប្រជាជនត្រូវផ្លាស់ប្តូរទីលំនៅ​»​

គួរបញ្ជាក់ថា ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងស្ថិតនៅលើចំណុចប្រឈមនឹងគ្រោះមហន្តរាយមួយ បើសិនបើមិនមានចំណាត់ការណាមួយធ្វើឡើងនាពេលឥឡូវនេះ ពួកគេព្រមានថា ពិភពលោកអាចប្រឈមនឹងការផ្ទុះឡើងនៃគ្រោះទុរ្ភិក្សជាលើកដំបូង ចាប់តាំងពីពេលដែលគ្រោះទុរ្ភិក្សចុងក្រោយបង្អស់ត្រូវបានប្រកាសឡើងកាលពីឆ្នាំ ២០១៧ នៅតំបន់មួយចំនួនក្នុងប្រទេសស៊ូដង់ខាងត្បូង គ្រោះទុរ្ភិក្សបានប៉ះពាល់ដល់មនុស្សចំនួន ,លាននាក់ ហើយបានធ្វើឲ្យកុមារជាងពីរសែននាក់រងគ្រោះដោយសារកង្វះខាតអាហាររូបត្ថម្ភធ្ងន់ធ្ងរ ដែលប្រឈមនឹងការបាត់បង់ជីវិត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print