អន្តរជាតិ៖ អង្គមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ និង១២ វិច្ឆិកាថ្មីៗនេះ សម្រាប់ការបោះឆ្នោតជ្រើសរើសចៅក្រមថ្មីចំនួន៥រូប ទៅបំពេញការងារនៅតុលាការយុត្តិធម៌អន្តរជាតិ សម្រាប់រយៈពេល៩ឆ្នាំនៅស្ថានប័នយុត្តិធម៌កំពូលរបស់ពិភពលោក ពេលនេះចៅក្រមចិន និងជប៉ុន បានជាប់ឆ្នោតទៅបំពេញការងារនៅតុលាការយុត្តិធម៌អន្តរជាតិមួយនេះហើយ ។
សូមជម្រាបថា ចំពោះការបោះឆ្នោតប្រជែងតំណែងចៅក្រមចំនួន៥ ដែលនៅទំនេរនេះ មានចៅក្រមចំនួន៨រូបបានចូលរួមមកពី ប្រទេសចិនជប៉ុន ស្លូវ៉ាគី ក្រូអាស៊ី អាល្លឺម៉ង់ អ៊ូហ្កង់ដា នីហ្សេរីយ៉ា និងរវ៉ាន់ដា ។លទ្ធផលបង្ហាញថា ចៅក្រមមកពីជប៉ុន ចិន អាល្លឺម៉ង ស្លូវ៉ាគី និងអ៊ូហ្កង់ដាត្រូវបានជាប់ឆ្នោតសម្រាប់អាណត្តិ៩ឆ្នាំ ដែលនឹងត្រូវចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២១។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចៅក្រមមកពីអាល្លឺម៉ង់ជាចៅក្រមថ្មីសម្រាប់តុលាការនេះ ព្រោះចៅក្រម៤រូបទៀត ធ្លាប់បម្រើការមួយអាណត្តិទៅហើយ។
ដើម្បីអាចឈរឈ្មោះជាបេក្ខភាពចៅក្រមបាន បុគ្គលរូបនោះត្រូវបានសីលធម៌ខ្ពស់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលតំណែងខ្ពស់បំផុតក្នុងវិស័យយុត្តិធម៌នៃប្រទេសខ្លួន។ ជាទូទៅបុគ្គលរូបនោះត្រូវតែងតាំងដោយរដ្ឋណាមួយ និងត្រូវឆ្លងកាត់ការបោះឆ្នោត និងទទួលបានសំឡេងភាគច្រើនដាច់ខាតក្នុងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត។ បេក្ខភាពចៅក្រមត្រូវការសំឡេងឆ្នោតចំនួន៨ ក្នុងក្រុមប្រឹក្សាសន្តិសុខ និង៩៧ក្នុងមហាសន្និបាតដើម្បីអាចជាប់ឆ្នោតបាន។
ជាក់ស្តែងចៅក្រមមកពីចិន គឺអនុប្រធានតុលាការយុត្តិធម៌អន្តរជាតិអាណត្តិមុនលោកស្រី Xue Hanqin ដោយមុននឹងបម្រើការនៅក្នុងតុលាការ លោកស្រីធ្លាប់ធ្វើការងារក្នុងគណៈកម្មការច្បាប់អង្គការសហប្រជាជាតិ ក្រសួងការបរទេសចិន និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំហូឡង់ និងអាស៊ាន។ លោកស្រីជាស្ត្រីចិន ដំបូងបង្អស់ដែលបំពេញតួនាទីជាចៅក្រមក្នុងតុលាការនេះ។ ក្នុងការបោះឆ្នោតលើកនេះលោកស្រីទទួលបានសំឡេងឆ្នោត១៥៥ ក្នុងចំណោមប្រទេស១៩៣។
ចំណែកមកពីជប៉ុន គឺលោក Yuji Iwasawa ដែលជាជនជាតិជប៉ុន មុននឹងបម្រើការជាចៅក្រមក្នុងតុលាការនៅឆ្នាំ២០១៨ លោកជាប្រធានគណៈកម្មការសិទ្ធិមនុស្សផ្នែកសិទ្ធិស៊ីវិល និងនយោបាយពីឆ្នាំ២០១៧ ដល់២០១៨ និងជាសាស្ត្រាចារ្យច្បាប់សាធារណៈអន្តរជាតិ និងជាអ្នកស្រាវជ្រាវផងដែរ។លោកទទួលបានសំឡេងឆ្នោតចំនួន១៦៩ ក្នុងចំណោមប្រទេស១៩៣។
លើសពីនេះទៅទៀត ក្រៅពីចៅក្រមចិន និងជប៉ុន ចៅក្រមអាល្លឺម៉ង់ទទួលបានសំឡេងឆ្នោត១៦០ ស្លូវ៉ាគី១៥០ និងអ៊ូហ្កង់ដា១៣៩។ តុលាការយុត្តិធម៌អន្តរជាតិ មានចៅក្រមចំនួន១៥រូប ដែលមានអាណត្តិ៩ឆ្នាំ និងបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង។ ទោះបីតុលាការពុំបែងចែកចំនួនចៅក្រមតាមតំបន់ក្តី លក្ខន្តិកៈក្រៅផ្លូការកំណត់ថា ប្រទេសលោកខាងលិចមានចៅក្រមចំនួន៥ អាហ្វ្រិកចំនួន៣ អាស៊ីចំនួន៣ អឺរ៉ុបខាងលិចចំនួន២ចំណែកអាមេរិកឡាទីននិងការ៉ាអ៊ីបចំនួន២។
គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ជាអង្គភាពចំណុះឲ្យអង្គការសហប្រជាជាតិដែលទទួលបណ្តឹងរវាងរដ្ឋនឹងរដ្ឋ បើសិនជាខ្លួនមើលឃើញថាមានយុត្តធិការគ្រប់គ្រាន់ ក៏ដូចជាផ្តល់យោបល់ផ្លូវច្បាប់ (Advisory Opinion)ដល់ភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតដូចជាក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត ឬអង្គការសុខភាពពិភាពពិភពលោកជាដើម៕ដោយ៖ស តារា