ខេត្តព្រះសីហនុៈ កុមារី វ័យ១២ឆ្នាំម្នាក់បានលង់ទឹកជ្រោះនៅរមណីយដ្ឋាន ថ្មរូងស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្លាប់នៅវេលាម៉ោង១៣ៈ០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ ការសប្បាយបានក្លាយទៅជាទុក្ខដ៏សោកសង្រេងរបស់អាណាព្យាបាល ត្រូវបាត់បង់កូនជាទីស្រឡាញ់តែមួយពព្រិចភ្នែក ។
មន្ត្រីប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំអូបាក់រទេះដែលប្រចាំការ នៅរមណីយ៍ដ្ឋានថ្មរូង ស្រុកកំពង់សិលាខេត្តព្រះសីហនុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡុច ដាវីន អាយុ១២ឆ្នាំ រស់នៅ ក្នុងភូមិកាបៅឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គ្រូពេទ្យនៅមណ្ឌលសុខភាព តក្កវិត ស្រុកកំពង់សីលាខេត្តព្រះសីហនុបានបញ្ជាក់ ថា ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះជីវិតកុមារីរូបនោះបានទេ ដោយសារតែ នាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពទៅទៀត។
ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់សិលាខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់បងប្អូនជាភ្ញៀវទេសចរ ជាតិនិងអន្តរជាតិដែលមានបំណងចូលមកកំសាន្តកាយនៅរមណីយ៍ដ្ឋាន ទឹកជ្រោះ ថ្មរូង មេត្តាកុំធ្វេសប្រហែសបណ្តោយកូនចៅតូចៗឲ្យលេងទឹកដោយម្នាក់ឯង ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ ណាមួយនិងកើតឡើង ៕
ដោយ ៖ ឆ្លាមសមុទ្រ