មន្ត្រីឥណ្ឌាបានប្រកាសថា ផ្នែកជាច្រើននៅក្នុងតំបន់កាស្មៀរត្រូវប្រកាសអនុវត្តច្បាប់បម្រាមគោចរណ៍ បន្ទាប់ពីពលរដ្ឋដែលភាគច្រើនជាជនមូស្លីមនៅតំបន់នេះបានផ្ទុះការតវ៉ាថា កងកម្លាំងសមត្ថកិច្ចបានបាញ់ប្រហារសម្លាប់ជនស៊ីវិល២នាក់នោះរួចមក ។ ការប្រកាសអនុវត្តច្បាប់បម្រាមគោចរណ៍ក្នុងគោលដៅបញ្ឈប់ការធ្វើបាតុកម្មនៅតាមដងផ្លូវ ។
...
ក្រុមផ្តាច់ខ្លួននៅក្នុងតំបន់បានប្រឆាំងតវ៉ាចំពោះការបាញ់ប្រហារជនស៊ីវិលទាំងឡាយ ក្នុងនោះមាននារីវ័យក្មេងម្នាក់ផងដែរត្រូវបាញ់សម្លាប់កាលពីថ្ងៃទីពេលថ្មីៗកន្លងមកនេះស្ថិតនៅក្នុងស្រុក Pulwama រដ្ឋធានី Srinagar ។មេដឹកនាំក្រុមផ្តាច់ខ្លួនឈ្មោះ Mirwaiz Umar Farooq បានថ្លែងថា កងកម្លាំងឥណ្ឌាដែលមានវត្តមាននៅក្នុងតំបន់កាស្មៀរបាននិងកំពុងប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោះលែងក្រុមភេរវកម្ម និងមិនបានអនុវត្តច្បាប់តឹងរ៉ឹងចំពោះក្រុមជនបង្កភេរវកម្មនោះឡើយ ។អាជ្ញាធរឥណ្ឌា ដោយសារតែភ័យខ្លាចការធ្វើបាតុកម្មប្រឆាំងចំពោះការបាញ់ប្រហារខាងលើនោះ ទើបបានប្រកាសអនុវត្តច្បាប់ហាមបម្រាមគោចរណ៍នៅភ្នាក់ខ្លះក្នុងស្រុក Pulwama និងផ្នែកខ្លះទៀតនៅក្នុងទីក្រុង Srinagar ។ នេះបើតាមមន្ត្រីឥណ្ឌាដែលគ្រប់គ្រងនៅតំបន់កាស្មៀរប្រកាសឲ្យដឹង ។កងកម្លាំងប៉ូលិស និងទាហានរាប់រយនាក់ត្រូវដាក់ពង្រាយនៅតាមដងផ្លូវនានាក្នុងតំបន់ព្រំដែនដែលអនុវត្តច្បាប់គោចរណ៍។ កងកម្លាំងទាំងនេះមិនអនុញ្ញាតឲ្យមានការចល័តរបស់ប្រជាពលរដ្ឋ ឬយានយន្តទាំងឡាយនោះឡើយ។មេដឹកនាំក្រុមផ្តាច់ខ្លួន ក្នុងនោះមានឈ្មោះ Farooq ផងដែរត្រូវអាជ្ញាធរចាប់ឃុំខ្លួននៅក្នុងផ្ទះ ដើម្បីការពារកុំឲ្យមានឱកាសដឹកនាំធ្វើបាតុកម្មប្រឆាំងឥណ្ឌា ។ការបាញ់សម្លាប់បានកើតមានឡើងទៅលើស្ត្រីវ័យ២២ឆ្នាំឈ្មោះ Shaista Hameed និងឈ្មោះ Danish Mir អាយុ១៩ឆ្នាំ នៅពេលដែលប៉ូលិសបាញ់រះទៅលើហ្វូងបាតុករដែលធ្វើបាតុកម្មប្រឆាំងតវ៉ាចំពោះការស្លាប់របស់ក្រុមឧទ្ទាមម្នាក់ ស្ថិតនៅក្នុងភូមិ Kakapora ស្រុក Pulwama ។ ជាមួយគ្នានេះដែរ ប៉ូលិសបានបាញ់ប្រហារបណ្តាលឲ្យជនស៊ីវិល១៤នាក់ផ្សេងទៀតរងរបួស ។មន្ត្រីប៉ូលិសអះអាងថា ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតនោះ កើតឡើងដោយសារតែឧបត្តិហេតុប៉ុណ្ណោះ ។ ប៉ុន្តែប្រភពដោយឡែកអះអាងថា ប៉ូលិសជាអ្នកបាញ់ប្រហារដោយផ្ទាល់តែម្តង ៕

