Update៖ មកស្គាល់ឈ្មោះម្ចាស់ភូមិគ្រឹះដែលបាក់ស្រុតកញ្ចុះសម្លាប់ស្ត្រីម្នាក់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ភូមិគ្រឹះដែលបាក់ស្រុតក្យូសចូលក្នុងស្រះទឹកបណ្តាលឲ្យស្ត្រីម្នាក់ធ្វើការផ្នែកអនាម័យស្លាប់ហើយមិនរាយការណ៍ឲ្យសមត្ថកិច្ចដឹងនោះ ពេលនេះគេស្គាល់ឈ្មោះហើយគឺ លោកឃាម បញ្ញា ។
សូមរំលឹកថា៖ ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០និង៣០នាទីព្រឹកមកម៉្លេះ ក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍ទៅសមត្ថកិច្ចនោះទេគឺសុខចិត្តសម្ងំកកាយរកសពទាល់តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទើបបែកធ្លាយផ្អើលដល់អ្នកជិតខាង។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបម្រើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។

ក្រោយពីមានឧប្បត្តិហេតុបាក់សំណង់
ក្យូសចូលទឹកស្រះបាក់សង្កត់ស្រ្តីម្នាក់ស្លាប់រួចមក ភ្លាមៗនោះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំង និងស្វែងរកសពស្រ្តីរងគ្រោៈផងដែរ។
ដោយសារទឹកស្រះជ្រៅពេក លោកអភិបាលខណ្ឌបានបញ្ជាឱ្យដាក់រថយន្តបូមទឹកចេញ និងបន្តកាយរកសព រហូតដល់ម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះទើបរកសពឃើញ ។
បច្ចុប្បន្នសពត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់អង្គភាពនគរដ្រេហ្គន

នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ មិនមានការឃាត់ខ្លួនម្ចាស់ភូមិគ្រឹះនោះទេ ព្រោះក្រុមគ្រួសារសពមិនបានប្តឹងផ្តល់អ្វីទាំងអស់។ លោកអធិការបានបន្ថែមទៀតថា ករណីនេះគឺជាឧប្បត្តិហេតុ ប៉ុន្តែលោកថា ម្ចាស់ភូមិគ្រឹះគាត់នឹងទៅចូលជាបច្ច័យក្នុងកម្មវិធីបុណ្យតាមសទ្ធា៕ដោយ៖ចន្ទលីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print