ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ ប្រជាពលរដ្ឋជាង១០នាក់ មកពីស្រុកឈូក ខេត្តកំពត និង អ្នកខ្លះមកពីខេត្តកោះកុង បាននាំគ្នាទៅក្រុមហ៊ុន «ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលលោក ហ៊ី គឹមហុង ជាអគ្គនាយក ដើម្បីសុំដកការប្រាក់និងប្រាក់ដើមវិញ សរុបជាង១០ម៉ឺនដុល្លារ ក្រោយពួកគាត់មើលឃើញពីរោគសញ្ញានៃការឆបោក ដោយសង្ស័យថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបោកប្រាស់ ។
ជាក់ស្តែងបើតាមការអះអាងពីប្តីប្រពន្ធចំណាស់២នាក់ ដែលជាជនរងគ្រោះមកពីខេត្តកោះកុង បានឲ្យដឹងថា ពួកគាត់ធ្វើដំណើរមកក្រុមហ៊ុន«ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» នាពេលនេះ គឺ ដើម្បីសុំដកការប្រាក់និងប្រាក់ដើមវិញ ដែលសម្រាប់រូបគាត់២នាក់ មានចំនួនជាង២ម៉ឺនដុល្លារ ។ ចំណែកអ្នកដទៃទៀត គឺ អ្នកខ្លះ១ម៉ឺនដុល្លារ និង ២ម៉ឺនដុល្លារ ហើយនៅមានមនុស្សរាប់រយនាក់ទៀត ដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន ។
សញ្ញាណនៃការឆបោកនេះ ត្រូវបានពួកគាត់ទាំង២នាក់នេះ បន្តថា «ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» នេះ បានចេញសញ្ញាណនៃការឆបោក ទើបពួកគាត់រូសរាន់ប្រញាប់មកដកប្រាក់ វិញ ព្រោះខ្លាចបាត់បង់ប្រាក់ទាំងនេះ ។ បន្ថែមពីនេះពួកគាត់ រៀបរាប់ ថា គាត់មានលុយ២ម៉ឺនដុល្លារ ដែលខំខ្ចីពីធនាគារ ។ គាត់បានទិញដី «ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» ចំនួន២ឡូតិ៍ តម្លៃ១ម៉ឺនដុល្លារ និង ១ម៉ឺនដុល្លារទៀត ដាក់ចូលវិនិយោគជាមួយក្រុមហ៊ុន ។
សូមជម្រាបថា ដីឡូតិ៍២ឡូតិ៍ តម្លៃ១ម៉ឺនដុល្លារ នេះ គឺ ក្រុមហ៊ុន អោយការប្រាក់៣%ក្នុងមួយខែ មានន័យថា ពួកគាត់ បានទទួលប្រាក់៣០០ដុល្លាររយៈពេល១៨ខែ ហើយគ្រប់រយៈពេល២៤ខែ ក្រុមហ៊ុននឹងទិញដីនេះវិញ ដោយអោយប្រាក់ចំណេញ៣០% មានន័យថារយៈពេល២៤ខែ លុយ១ម៉ឺនដុល្លារ នឹងក្លាយជាលុយ១៣,០០០ដុល្លារអាមេរិក ។
សម្រាប់លុយ១ម៉ឺនដុល្លារទៀត ដែលដាក់វិនិយោគជាមួយក្រុមហ៊ុន គឺ បើគាត់ដាក់កុងត្រា៦ខែ គាត់នឹងទទួលបានការប្រាក់១០%ក្នុងមួយខែមានន័យថា បានលុយ១ពាន់ដុល្លារ រៀងរាល់ខែ ។ ប៉ុន្តែ លុយនេះ ៦ខែទើបបើកបាន ទាំងការទាំងដើម គឺ ចំនួន១៦,០០០ដុល្លារអាមេរិក ។ប៉ុន្តែផ្ទុយទៅវិញ បើគាត់មិនចង់ដាក់កុងត្រា៦ខែ ទេ គាត់នឹងទទួលបានការប្រាក់៧% ស្មើនឹង៧០០ដុល្លារអាមេរិក ជារៀងរាល់ខែ សម្រាប់រយៈពេល៦ខែ ។
ជុំវិញបញ្ហានេះ ក្រុមប្រជាពលរដ្ឋជាច្រើននាក់ ថ្លែងប្រាប់ថា ប៉ុន្តែរយៈពេលជាច្រើនខែមកហើយ ដែលពួកគាត់ពុំបានទទួលលុយការប្រាក់នោះទេ តែបើទទួល គឺ តិចតួចបំផុត ដោយបាន៥០ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល៩ខែមកនេះ។ ដោយសារកត្តាមិនគោរពសន្យាទាំងនេះហើយ ទើបបានជាប្រជាពលរដ្ឋ ត្រូវតែមកសុំដកការប្រាក់និងប្រាក់ដើមពីក្រុមហ៊ុន វិញ ព្រោះខ្លាចក្រុមហ៊ុនមួយនេះ បោកប្រាស់ពួកគាត់ ។
ដោយឡែកបើយើងក្រឡេកទៅមើលអំពីដំណោះស្រាយដែលពួកគាត់បានជជែកគ្នា រយៈពេលជាច្រើនម៉ោងទៅហើយ គឺពុំទទួលបានលទ្ធផលល្អ ដោយក្រុមហ៊ុនបានលើកហេតុផលជាច្រើន ក្នុងការមិនអាចដកលុយដើមវិញអោយប្រជាពលរដ្ឋ ។
ណាមួយបើសិនក្រុមហ៊ុន ប្រគល់លុយដើមឲ្យប្រជាពលរដ្ឋនោះ នឹងមានប្រជាពលរដ្ឋជាច្រើននាក់ទៀត សម្រុកមកសុំដកលុយដូចគ្នា ដែលអាចធ្វើអោយក្រុមហ៊ុន ដួលរលំ ។
ទាក់ទិននឹងបញ្ហានេះដែរ អង្គភាពកាសែតនគរវត្ត និង អង្គភាពនគរដ្រេហ្គន នៅរសៀលថ្ងៃចន្ទទី១៦ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានទូរស័ព្ទទៅលេខខាងក្រុមហ៊ុនខាងលើ ដើម្បីសុំការបញ្ជាក់ផ្ទាល់លើកទី១ ត្រូវបាននារីម្នាក់ ដែលអះអាងថា ខ្លួនមិនដឹងរឿងខាងលើនេះទេ ព្រោះគ្រាន់តែជាបុគ្គលិកប៉ុណ្ណោះ ប៉ុន្តែបើចង់ដឹងច្បាស់ទូរស័ព្ទសួរថៅកែខ្លួនឯង។ ដោយឡែកសម្រាប់លេខថៅកែក្រុមហ៊ុនវិញ អង្គភាពយើងព្យាយាមទូរស័ព្ទចូល តែគ្មានអ្នកទទួល។
គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៍ខាងលើនេះ ក្រុមសន្តិសុខជាច្រើននាក់របស់ក្រុមហ៊ុនមួយនេះ បានចេញសួរនាំអ្នកសារព័ត៌មានយ៉ាងហូរហែរ រហូតឈានដល់បណ្តេញអ្នកសារព័ត៌មាន ចេញពីបរិវេណដីក្រុមហ៊ុនថែមទៀត និងបានថតរូបអ្នកសារព័ត៌មាន ដោយប្រើពាក្យសម្តីមិនសមរម្យជាច្រើនផងដែរ ៕ដោយ៖ស តារា