ខេត្តកំពត៖ បើយោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាទៅអធិការស្រុកអង្គរជ័យឱ្យរៀបចំបញ្ជូនសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តហ្វតដ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2235 បើកបុកមនុស្សទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពតដេីម្បីដោះស្រាយ។
លោកឧត្ដមសេនីយ៍ទោស្នងការបានសរសេរបន្ថែមនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះឱ្យបាន និងឲ្យម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពតមុននេះបន្តិចបានឲ្យដឹងថា លោកស្នងការបានស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្តបង្កហើយ និងបានអញ្ជើញម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឱ្យចូលមកដោះស្រាយនៅស្នងការដ្ឋានឱ្យបានឆាប់ជាទីបំផុត៕
ដោយ៖ ស សម