ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦មួយគ្រឿងចេញពីទិញបបរសបំណងត្រឡប់ទៅកន្លែងស្នាក់វិញ តែមិនទាន់ដល់ផងក៏ដួលម៉ូតូ ហើយស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងមកពីក្រោយឈប់សួរនាំនិងធ្វេីជាចិត្តល្អជូនទៅមន្ទីរពេទ្យ រួចហើយឆ្លៀតឱកាសល្អក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ទៅ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខវត្តអរុណវត្តី តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ជាម្ចាស់ម៉ូតូមានឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើករថយន្ត និងទី២មានឈ្មោះណេង រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរយាមឃ្លាំងក្រណាត់មួយកន្លែង ស្នាក់នៅបុរីសង្ឃឹមថ្មី មានស្រុកកំណើតនៅភូមិអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគេទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN-7800 ចេញពីទិញបបរសនៅម្តុំចោមចៅដោយធ្វើដំណើរតាមទិសដៅពីកើតទៅលិចបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏បានជិះចូលជង្ហុកដួលម៉ូតូរងរបួសរលាត់ដៃជេីង។
ជនរងគ្រោះបន្តថា ខណៈមិនទាន់ងេីបពីដួលផងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីមនិងមួយគ្រឿងទៀតម៉ាក execter មិនចាំស្លាកលេខ បានមកសួរនាំពួកគេ ដោយប្រាប់ថាជួយឌុបយកទៅមន្ទីរពេទ្យ រួចក៏បានលើកម៉ូតូជិះឌុបពួកគេបន្តិច ស្រាប់តែជនសង្ស័យឈប់ម៉ូតូបានប្រាប់ទៅពួកគេថាម៉ូតូវៀចឈ្នាន់និងបែកដុំ។ ភ្លាមនោះពួកគេដែលជាជនរងគ្រោះក៏ចុះពីលេីម៉ូតូ ហើយដោយឃើញឱកាសល្អជនសង្ស័យ ក៏បន្ថែមល្បឿនម៉ូតូជិះចូលតាមវត្តអារុណវតី គេចខ្លួនដោយសុវត្ថិភាព ចំណែកបក្ខពួកផ្សេងទៀតបានបន្តដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសខាងលិចបាត់ស្រមោលសូន្យឈឹងទៅ។ ភ្លាមៗនោះពួកជាជនរងគ្រោះបាននាំគ្នាស្រែកថាចោរៗឲ្យគេជួយផងដែរ តែគ្មានអ្នកជួយសោះ។
ក្រោយកើតហេតុការណ៍ទេីបសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុធ្វើការសួរនាំជនរងគ្រោះ រួចប្រាប់ជនរងគ្រោះឲ្យទៅយកឯកសារពាក់ព័ន្ធនឹងម៉ូតូមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីងាយស្រួលសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកម៉ូតូមកវិញ៕ដោយ ៖ សុខាសែនជ័យ