មន្ទីរកសិកម្ម ខេត្តសៀមរាប ដឹកនាំមន្ត្រីចុះចែកពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់បណ្តុំកសិករស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានអនុកម្មវិធីការផ្សព្វផ្សាយបច្ចេកទេសថ្មីកសិកម្មដែលធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តសៀមរាប និងលោកអភិបាលស្រុកជីក្រែង សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំជីក្រែង កាលពីថ្ងៃអង្គារ ២កើតខែមិគសិរ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីចុះរៀបចំពិធីចែកពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់បណ្តុំកសិករ ដែលស្ថិតនៅក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែរធន់និងការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែងតាមកម្មវិធីដែលបានគ្រោងទុក គឺបានបែងចែកពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់បណ្តុំកសិករ មានដូចខាងក្រោម៖

ទី១ចំពោះកសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់មាន២បណ្ដុំ មាន៧៥គ្រួសារ ដែលក្នុងគ្រួសារនីមួយៗទទួលបានកូនមាន់ចំនួន ១០ ក្បាលទ្រុងដាក់កូនមាន់ចំនួន១ ស្នូកទឹកចំនួន១ ស្នូកចំណីចំនួន១ និងចំណីចំនួន១០គីឡូក្រាម។

ទី២ចំពោះកសិករបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពគ្រួសារជីក្រែងរីករាយមានចំនួន ២៥ គ្រួសារ ដោយកសិករនីមួយៗទទួលបានពូជបន្លែចំនួន៣មុខនិងថាសបណ្ដុះកូនចំនួន៣។

ទី៣ចំពោះកសិករបណ្ដុំអាជីវកម្មស្រូវមាន បណ្ដុំ មាន៣៣គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានស្រូវពូជចំនួន ៤០ គីឡូក្រាម និងឧបករណ៍អូសដាំស្រូវ១គ្រឿងទុកប្រើប្រាស់ក្នុងបណ្ដុំអាជីវកម្មស្រូវជីក្រែងរស្មីសាមគ្គី។ កម្មវិធីនេះធ្វើនៅសាលាឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប ដែលមានកសិករចូលរួមជាក់ស្ដែងសរុបចំនួន ១៣៣ នាក់ ស្រី ៤៧ នាក់។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ និងសហការី រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យការប្រមូលផលស្រូវរដូវវស្សា និងការធ្វើស្រូវស្រាលប្រដេញទឹក នៅចំនួន៤ភូមិ ឃុំជីក្រែង និងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប សូមបញ្ចាក់ថាក្នុងឆ្នាំ ២០២០នេះ ស្រុកជីក្រែង ធ្វើស្រូវរដូវវស្សាសរុបបានចំនួន៣៦ ៩៦០ហិកតា ធ្វើការប្រមូលផលបាន១៧ ៥០៥ហិកតា ទទួលបានទិន្នផលជាមធ្យម៣តោន/ហិកតា និងស្រូវប្រាំងសរុបបានចំនួន ៧៥០ ហិកតា(គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០)

គួរបញ្ជាក់ថា នៅថ្ងៃដដែល លោកអនុប្រធានមន្ទីរ និងសហការី រួមជាមួយនិងមន្ត្រីអនុវត្តកម្មវិធីASPIRE ស្រុកប្រាសាទបាគង បានផ្តល់ឧបករណ៍សម្រាប់ជំរុញនិងស្តារការដាំដុះបន្លែ ក្រោយជំនន់ទឹកភ្លៀង និងត្រួតពិនិត្យតាមដានវាយតម្លៃ ការប្រើប្រាស់ធាតុចូល នៅឃុំបាគងនិង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print