ផ្លូវក្រាលគ្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ បានរងការខូចខាតជាអន្លើរៗ

ចែករំលែក៖

ខេត្តព្រះវិហារ៖ អង្គភាពមន្ទីរព័ត៌មានខេត្តព្រះវិហារ បានរាយការណ៍ជូនរដ្ឋមន្ត្រីឱ្យដឹងថា៖ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន ដែលស្ថិតនៅក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ ពិសេស ផ្លូវក្រាលគ្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ បានរងការខូចខាតជាអន្លើរៗ ដោយសារជំនន់ទឹកភ្លៀង ដែលហូរស្រោចស្រពពីគ្រប់ទិសទី នៃតំបន់ខ្ពង់រាបក្នុងខេត្ត នាពេលកន្លងមកនោះ ខណៈនេះត្រូវបានជួសជុល និងកែលំអរឡើងវិញហើយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ធ្វើដំណើរបានរហ័ស និងប្រកបដោយសុវត្ថិភាព។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ៖ ជាច្រើនថ្ងៃមកនេះ លោកបានបញ្ជូនមន្ត្រីជំនាញ នាំយកគ្រឿងចក្រគ្រប់ប្រភេទ ចុះទៅកាន់ទីតាំងចំនួន ៤ ដើម្បីជួសជុល និងសម្អាតរុក្ខជាតិ នៅតាមដងផ្លូវឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀង ដែលបានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ នាពេលកន្លងមកនោះ។
លោក សំ លាងទ្រី បានឲ្យដឹងទៀតថា ៖ ផ្លូវដែលត្រូវជួសជុលឡើងវិញនេះ គឺមានចំនួន ៤ខ្សែ ដែលរងការខូចខាតខ្លាំង ក្នុងនោះ ផ្លូវជាតិលេខ៩៤ មានប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ ,ផ្លូវជាតិលេខ៩៥ ជាផ្លូវក្រាលគ្រួសាក្រហម មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ,ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែងជាង ៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែនកម្ពុជា-ថៃ ដោយធ្វើការជួសជុលឆ្លងកាត់ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានបញ្ជាក់ថា ៖ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវ៉ាត់ព្រំដែនទាំង ៤ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងជាអន្លើៗ កន្លងមកនេះ ខណៈនេះត្រូវបានបញ្ចប់ការកែសម្រួល ជួសជុល លុបគ្រលុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ បានរួចរាល់ស្ទើរទាំងស្រុងហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម ពីទីជនបទទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខ សុវត្ថិភាព ធ្វើដំណើរបានរហ័ស ចំណាយពេលវេលាតិច ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ យើងនេះ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print