អន្តរជាតិ៖ កាលពីថ្មីៗនេះ ក្នុងចំណោមពលករចំណាកស្រុកខុសច្បាប់ចំនួន ៨នាក់ ក្នុងនោះមានពលករខ្មែរម្នាក់ផងដែរ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងបាងកក ប្រទេសថៃ គ្រាដែលអាជ្ញាធរថៃអនុវត្តវិធានការទប់ស្កាត់ពលករខុសច្បាប់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។
យោងតាមអ្នកនាំពាក្យនៃការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុងបាងកក លោក Pakkhapong Sai-ubon បានឲ្យដឹងថា ការចាប់ខ្លួនពលករខុសច្បាប់ទាំងនេះត្រូវបានធ្វើឡើងនៅទីតាំងផ្សេងៗគ្នា ចាប់តាំងពីថ្ងៃទី ២មកដល់ថ្ងៃទី ១១ វិច្ឆិកានេះ ហើយនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ អាជ្ញាធរថៃក៏បានឃាត់ខ្លួនពលរដ្ឋថៃម្នាក់ផងដែរពីបទផ្តល់កន្លែងស្នាក់នៅដល់ពលករខុសច្បាប់ផងដែរ។
អ្នកនាំពាក្យរូបនេះបានបន្តថា ពលករចំណាកស្រុកខុសច្បាប់ទាំងអស់នោះមាន ៤ នាក់មកពីប្រទេសឡាវ ២ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ១មកពីប្រទេសនីហ្សេរីយ៉ា និង ១នាក់ទៀតមកពីប្រទេសកម្ពុជា។ អាជ្ញាធរថៃបានបញ្ជាក់បន្ថែមថា ពលករខុសច្បាប់ទាំង ៨ នាក់ត្រូវផ្តន្ទាទោសពីបទចូលមកក្នុងប្រទេសថៃដោយគ្មានអនុញ្ញាតនិងស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលយូរលើសការកំណត់។ ដោយឡែកសម្រាប់ជនជាតិខ្មែរម្នាក់ត្រូវទទួលទោសមួយករណីបន្ថែមទៀតគឺការធ្វើការងារដោយគ្មានការអនុញ្ញាត៕ដោយ៖ស តារា