មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច​ម្នាក់​ បេីករថយន្តបុកមន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ២នាក់របួសធ្ងន់ធ្ងរ ខណ:កំពុងល្បាតចាប់ជនសង្ស័យពាក់ព័ន្ធករណីលួច

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ២នាក់ ខណៈកំពុងល្បាតចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច​ ស្រាប់តែត្រូវរថយន្តព្រូសរបស់មន្រ្តីស៊ីវិលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បុកពីក្រោយទាំងកំរោលពេញទំហឹង​ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរទាំង២នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង៣​និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅត្រង់ចំណុចផ្លូវលេខ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ មន្ត្រីកងរាជអាវុធហត្ថទាំង២នាក់ ដែលរបួសធ្ងន់រួមមាន ទី១-ឈ្មោះ ទ្រី
ម៉េងស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ មុខងារជំនួយការ អត្តលេខ ២២៥៥៨៦ មានស្រុកកំណើតនៅភូមិចំការមី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ត​កែប ជាអ្នកឌុប បានរងរបួសធ្ងន់។ ទី២-ឈ្មោះ ថោង សុផារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ មុខងារ ជំនួយការ អត្តលេខ ២៤១០៥៣ មានស្រុកកំណើតនៅភូមិពោធិ៍មង្គល ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នករួមដំណើរ បានរងរបួសធ្ងន់។ បច្ចុប្បន្នអ្នកទាំង២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសួគ៌ា។​ ដោយឡែកអ្នកបើករថយន្តបង្កមានឈ្មោះ ម៉ិច ណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីរាជការស៊ីវិល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានស្រុកកំណើតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

​ បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២:០០នាទី កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានធ្វើការចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ។ ពេលមកដល់ចំណុចផ្លូវបេតុងបឹងតាម៉ាតក្នុងភូមិខ្វារ សង្កាត់ដង្កោ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងនៅលើរ៉ឺម៉កដែលជនសង្ស័យលួច ហើយបានយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។ ពេលកំពុងធ្វើដំណើរមកដល់ចំណុចផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ក៏មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-6319 ដែលបើកបរក្នុងល្បឿនលឿន បានមកបុកម៉ូតូម៉ាក HONDA DEGREE ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AO-6880 របស់ក្រុមល្បាតដែលកំពុងឌុបគ្នាចំពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសួគ៌ាភ្លាមៗ។

​ ក្រោយបង្កគ្រោះថ្នាក់រួចមក អ្នកបើករថយន្តបង្កមិនព្រមទទួលខុសត្រូវទេ បែរជាបន្ថែមល្បឿនទៅមុខបន្ត ទើបកងកម្លាំងជំនាញបានដេញតាមរហូតដល់មុខក្រុមហ៊ុនស្រាបៀរកម្ពុជាទើបឃាត់បានទាំងអ្នកបើកបរនិងរថយន្ត។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍រាជធានី បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោក​រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print