មេដឹកនាំកំពូលចិន៖ ប្រកាស​ប្រឆាំង​នយោបាយ​គាំពារ​និយម​ក្នុង​ពិភពលោក​ហ៊ុមព័ទ្ធ​ដោយ​កូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ ​ប្រធានាធិបតីចិនលោក ស៊ី ជិន​ភីង កាលពី​ថ្ងៃទី ១៩ ខែវិច្ឆិកា បាន​ប្តេជ្ញា​បន្ត​បើកចំហ​សេដ្ឋកិច្ច​ដ៏​សម្បើម​របស់​ប្រទេស​លោក ​ដោយ​ចាត់ទុក​ចិន​ជា​ឆ្អឹងខ្នង​សម្រាប់​ពាណិជ្ជកម្ម​សេរី ហើយក៏​ព្រមាន​ប្រឆាំង​គោលនយោបាយ​គាំពារ​និយម​ក្នុង​សេដ្ឋកិច្ច​សកល ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតីរូបនេះ បានពន្យល់ថា ការបើកចំហ​សេដ្ឋកិច្ច ជួយ​បើកផ្លូវ​ឲ្យ​ប្រទេសមួយ​ដើរទៅ​មុខ​រួច ទោះបីជា​ប្រឈម​បញ្ហា​ក៏ដោយ​ក្ដី​។

ជាក់ស្តែង​នៅ​វេទិកា​មួយ​ក្រៅ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ដែល​រៀបចំឡើង​តាម​អន​ឡាញ​ពី​ម៉ាឡេស៊ីលោកប្រធានាធិបតី ស៊ី ជិន​ភីង បានទទួលស្គាល់ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ជា​កម្លាំង​ជំរុញ​នាំមុខ​សម្រាប់​កំណើនសេដ្ឋកិច្ច​សកល ក្នុង​ពិភពលោក​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងនោះ​ក៏មាន ជំងឺ​កូ​វីដ​-១៩ ។

​មេដឹកនាំកំពូលចិនរូបនេះ ថ្លែងនៅក្នុង​សុន្ទរកថា​របស់ខ្លួន បាន​លើកឡើងថា សេដ្ឋកិច្ច​ចិន​នៅតែ​រឹងមាំ និង​សកម្ម ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​កូ​វីដ​-១៩  ហើយ​លោក​ប្តេជ្ញា​បើកចំហ​សេដ្ឋកិច្ច​ដែល​ធំ​លំដាប់​ទី​២​របស់​ពិភពលោក​នេះ​។  លោក ស៉ី បានសង្កត់ធ្ងន់ថា៖«​យើង​នឹង​បន្ត​កាត់​បន្ថយពន្ធ និង​ពង្រីក​ការ​នាំចូល​ផលិតកម្ម​និង​សេវាកម្ម​គុណភាព​ខ្ពស់​បន្ថែមទៀត​ពី​ប្រទេស​ទាំងអស់​»​។ លោក បន្តថា ការបើកចំហ​សេដ្ឋកិច្ចបើកផ្លូវ​ឲ្យ​ប្រទេសមួយ​ដើរទៅ​មុខ​រួច ទោះបីជា​ប្រឈម​បញ្ហា​ក៏ដោយ​ក្ដី​។​

​ប្រធានាធិបតី​ចិន មិន​ត្រឹមតែ​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី ក៏​ព្រមាន​ប្រឆាំង​គោលនយោបាយ​គាំពារ​និយម​។ បើទោះ​ជាមិន​និយាយ​ចំៗ​ឈ្មោះលោក​ស៊ី ទំនង​ចង់​សំដៅលើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ លោក​ព្រមាន​ដូច្នេះ​ថា​៖«​ប្រទេស​ណា​ដែល​បន្ត​ដាក់​របាំង​ពាណិជ្ជកម្ម នឹងរង​ទុក្ខ​ដោយសារ​ទង្វើ​ខ្លួនឯង​»​។

​សូមជម្រាបថា វេទិកា APEC ឆ្នាំ​២០២០ ដែល​ត្រូវបាន​រៀបចំឡើង​តាម​អន​ឡាញ ដោយសារ​ជំងឺ​កូ​វីដ​-១៩ មានការ​ចូលរួម​ពី​ប្រទេស​ចំនួន២១ ក្នុងនោះ​ក៏​យក្ស​សេដ្ឋកិច្ច​ទាំងពីរ​របស់​ពិភពលោក​ផងដែរ​។ សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ជា​សមាជិក APEC គ្របដណ្ដប់ប្រមាណ ៦០​ភាគរយ​នៃ GDP សកលលោក​។

បច្ចុប្បន្នមកដល់ពេលនេះ ពុំទាន់​មានការ​បញ្ជាក់​ច្បាស់​ថា លោក ត្រាំ ដែល​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជាមួយ​លោក ចូ បៃ​ឌិន នឹងមាន​វត្តមាន​ក្នុងជំនួប​កំពូល​នេះ ឬ​អត់​ទេ​។

​ដោយឡែកមន្ត្រី​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោ ត្រាំ នឹងចូលរួម​ក្នុង​វេទិកា APEC នា​ថ្ងៃទី​២០ ខែវិច្ឆិកា​។ បើ​ពិតមែន​នោះ នេះ​នឹង​ក្លាយជា​វត្តមាន​លើកដំបូង ដែល​ប្រ​ធានា​ធិ​ប​តិ​អាមេរិក ដូ​ណា​ល់ ត្រាំ ចូលរួម​ព្រឹត្តិការណ៍​នេះចាប់តាំងពី​ឆ្នាំ​២០១៧ មក​។

​គួរបញ្ជាក់ថា ជំនួប​កំពូល APEC ត្រូវបាន​រៀបចំ​ត្រឹម​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ ចិន​និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ១៤​ទៀត បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​ស្មើ​ជិត​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​របស់​សកលលោក​។ខណៈកិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)  ដែល​មិន​រាប់បញ្ចូល​អាមេរិក ត្រូវបាន​គេ​ចាត់ទុកជា​ការទម្លាក់​ឥទ្ធិពល​អាមេរិក​ក្នុង​តំបន់ ហើយក៏​ជា​ភស្តុតាង​បញ្ជាក់ថា ក្រុង​ប៉េកាំង​កំពុង​រៀបចំ​របៀបវារៈ​សម្រាប់​ពាណិជ្ជកម្ម​សកល ខណៈ​ក្រុង​វ៉ាស៊ីនតោន​ដកខ្លួន​ថយ​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print