ទីបំផុត! សមត្ថកិច្ចតាមប្រមាញ់រកឃើញហើយរថយន្ត Ford Raptor បុកឡំប្រឺតារបួសអ្នកបើកនិងព្រះសង្ឃជាច្រើនអង្គ/នាក់ នៅខេត្តកំពត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក Ford Raptor ដែលបានបុកឡំប្រឺតា បណ្តាលរបួសព្រះសង្ឃ និងអ្នកបើកជាច្រើនអង្គ/នាក់ នៅខេត្តកំពតនោះ ត្រូវគេប្រទះឃើញក្នុងយានដ្ឋានមួយកន្លែងក្នុងខណ្ឌសែនសុខ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីតាមប្រមាញ់ដោយសមត្ថកិច្ចពីខេត្តកំពតរហូតដល់រាជធានីភ្នំពេញ។ 

ព័ត៌មានបឋម ! គឺលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំពុងដឹកនាំកម្លាំងចុះធ្វើការងារនេះ ដោយយកចិត្តទុកដាក់បំផុត។ 

ដោយឡែក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្ត Ford Raptor ពណ៌ស ដែលមានស្លាកលេខខាងលើនេះចូលខ្លួនដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានព្រះសង្ឃគង់លើឡំប្រឺតារងគ្រោះឱ្យបានឆាប់ជាទីបំផុត ។

សូមបញ្ជាក់ថា៖ ព្រះសង្ឃ៤អង្គដែលរងរបួសរួមមាន៖ 

១-សាមណេរ ឈាង ឌីន របួសត្រង់ថ្គាម

២-សាមណេរ ង៉ែត ពាត របួសត្រង់ស្មា និងព្រះកេស

៣-សាមណេរ កែ កូ របួសដៃ និងជង្គង់

៤-សាមណេរ បាន វ៉ានសា របួសត្រង់ស្មា។

ដោយឡែក អ្នកបើកឡំប្រឺតារបួសដៃនិងខូចឡំប្រឺតាផ្នែកខាងមុខ ហើយរថយន្តបង្កបានរត់បាត់ ប៉ុន្តែមានគេថតស្លាកលេខរថយន្តនោះបាន គឺ ភ្នំពេញ 2AU -1119 ។

សូមបញ្ជាក់ថា៖ ព្រះសង្ឃនិមន្តមកពីរៀននៅវត្តជុំគ្រៀល កើតហេតុកាលពីថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ២០២០ វេលាម៉ោង៤ និង៥០នាទីរសៀល ត្រង់ចំណុចខ្លោងទ្វារវត្តទឹកវិល ស្រុកទឹកឈូ ខេត្តកំពត ផ្លូវពីកំពតទៅភ្នំពេញ។

សមត្ថកិច្ចកំពុងធ្វើកិច្ចការនេះ ដើម្បីអនុវត្តតាមនីតិវិធី៕

          

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print