សត្វក្រួចគ្មានច្បាប់អនុញ្ញាតជាង១តោន ដឹកពីវៀតណាមត្រូវបានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានស្ទាក់បង្ក្រាបរថយន្តមួយគ្រឿងដែលដឹកសត្វក្រួច ចំនួន៥០កេស ទម្ងន់១តោនកន្លះ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដឹកពីប្រទេសវៀតណាម ។

សមត្ថកិច្ចបានបង្ក្រាបបទល្មើសនេះនៅចំណុចជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សមត្ថកិច្ចបង្ហើបប្រាប់ថា ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ , ក្រុមការងារ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខកំពត 3A-0970 ដឹកសត្វក្រួច ចំនួន៥០កេសស្មើនឹង១,៥០០គីឡូក្រាម ។

រថយន្តមួយនេះបានដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាតាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្មនោះទេ ។

បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាង ខាងលើនេះ ទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ 

       

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print