អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយថា ដើម្បីតាមចាប់ខ្លួនក្រុមជនដែលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងក្រុមទំនើងនៅក្នុងសង្គម មន្ត្រីសន្តិសុខសាធារណៈជាន់ខ្ពស់ចិនមួយរូប បានអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។
លោក ទូ ហាងវៃ (Du Hangwei) អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈជាតិ បានជំរុញឲ្យមន្ត្រីប៉ូលីសនៅទូទាំងប្រទេសចិន តាមចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលកំពុងរត់គេចខ្លួនទាំងអស់ដូចការគ្រោងទុក។ បន្ថែមពីនេះអនុរដ្ឋមន្ត្រីរូបនេះ បានធ្វើសេចក្តីអំពាវនាវខាងលើ នៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះរបស់ ក្រសួងសន្តិសុខសាធារណៈចិន។
បើយោងតាមទិន្នន័យរបស់ក្រសួងនេះ បានបញ្ជាក់ថា អ្នករត់គេចខ្លួនសរុបចំនួន ១,៦០៩នាក់ហើយ ត្រូវបានចាប់ខ្លួន ដែលស្មើនឹង ៩៤% នៃចំនួនមុខសញ្ញាសរុប ១,៧១២នាក់នៅក្នុងបញ្ជីខ្មៅ។
សូមជម្រាបថា ប្រទេសចិន គិតចាប់តាំងពីដើមឆ្នាំ២០១៨ បានចាប់ផ្តើមយុទ្ធនាការរយៈពេល ០៣ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងកម្ចាត់ក្រុម ម៉ាហ្វីយ៉ា (mafia) ក្នុងស្រុក។ ជាក់ស្តែងរហូតមកទល់ពេលនេះ ប៉ូលីសនៅទូទាំងប្រទេសបានដោះស្រាយ ករណីពាក់ព័ន្ធច្រើនជាង ១៣,៣០០ករណី ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមផងដែរ៕ដោយ៖ស តារា