ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា «អធិការ គ្រឿន» និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ។
សមត្ថកិច្ចបានបង្ហើបប្រាប់ថា ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាមថា «អធិការ គ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អុី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។
ជនសង្ស័យទាំង២នាក់ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
តុលាការយល់ឃើញថា ជនត្រូវចោទទាំង២នាក់ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬ អាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ ទើបតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់តែម្តង ។
សមត្ថកិច្ច អះអាងថា បច្ចុប្បន្ន នេះ តុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារលើជនត្រូវចោទទាំង២នាក់ នោះហើយ ៕ ដោយ៖ចេស្តា