អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក Liu Kun បានប្រកាសនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថារដ្ឋាភិបាលចិន បានពង្រីកការអនុគ្រោះបំណុលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍគិតជាទឹកប្រាក់សរុប ២,១ពាន់លានដុល្លារក្រោមគោលការណ៍របស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន (G-20) ។ ហើយនេះជាតួលេខខ្ពស់បំផុតក្នុងចំណោមសមាជិកផ្សេងទៀតក្នុងក្រុមប្រទេស G-20 ។
លោករដ្ឋមន្ត្រី Liu Kun បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងធនាគារនាំចេញ-នាំចូលចិនដែលជាអ្នកផ្ដល់កម្ចីរដ្ឋ បានសម្រេចផ្អាកការបង់ថ្លៃសេវាបំណុលពីប្រទេសចំនួន២៣ ដែលសរុបជាទឹកប្រាក់១,៣៥៤ពាន់លានដុល្លារ។
លោក Liu បញ្ជាក់បន្ថែម ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ថា ធនាគារអភិវឌ្ឍន៍ចិនដែលផ្ដល់កម្ចីផ្នែកអាជីវកម្មក៏បានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការអនុគ្រោះបំណុលប្រមាណ ៧៤៨លានដុល្លារ កាលពីចុងខែកញ្ញាកន្លងទៅផងដែរ។
សូមជម្រាបថា ការប្រកាសរបស់រដ្ឋមន្ត្រីចិន ធ្វើឡើងខណៈបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក ដែលរងគ្រោះដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ កំពុងប្រឈមនឹងវិបត្តិបំណុលមួយទៀត។ ខណៈដែលពួកប្រទេសទាំងនេះ ក៏នឹងត្រូវការជំនួយរយៈពេលវែងច្រើនជាងការផ្អាកយកសេវាបំណុលក្រោមគោលការណ៍របស់ G-20 ក្នុងគោលដៅដោះស្រាយបញ្ហានៅចំពោះមុខ ក៏ដូចជារក្សាលំហូការវិនិយោគពីបរទេសបន្ថែមទៀតផងដែរ។
យោងតាមការសិក្សារបស់ធនាគារពិភពលោក (WB) បំណុលទ្វេភាគីផ្លូវការដែលប្រទេសក្រីក្រជំពាក់ក្រុមប្រទេស G-20 បានឈានដល់១៧៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ហើយក្នុងនោះ ៦៧ភាគរយ ចិនជាម្ចាស់បំណុល។ យ៉ាងណាមិញ ការអនុគ្រោះជាង២ពាន់លានដុល្លារនេះ គឺតិចតួចណាស់ បើធៀបនឹងបំណុលដែលប្រទេសកំពុងអភិវឌ្ឍជំពាក់ចិន។
គួរបញ្ជាក់ថា បច្ចុប្បន្នអាមេរិក ចិន និងសមាជិកផ្សេងទៀតក្នុងក្រុមប្រទេស G-20 បានផ្ដល់ឲ្យការអនុគ្រោះបំណុលដល់ប្រទេសក្រីក្របំផុតរបស់ពិភពលោក ភាគច្រើនគឺនៅតំបន់អាហ្វ្រិក ដែលនឹងមានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១ ស្របពេលដែលជំងឺ COVID-19 បន្តរាតត្បាត។ នៅខែមេសាខាងមុខ ប្រទេសអ្នកមានទាំងនេះ ក៏នឹងសម្រេចថាបន្តអនុគ្រោះ៦ខែបន្ថែមទៀត ឬយ៉ាងណាផងដែរ៕ដោយ៖ស តារា