ភ្នំពេញ៖ បើតាមការអះអាងពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់អង្គភាពនគរដ្រេហ្គនថា៖ ពាក់ព័ន្ធករណីសមត្ថកិច្ចនគរបាលដកកាំភ្លេីងខ្លីគំរាមបាញ់សមត្ថកិច្ចដូចគ្នាក្នុងវង់ផឹកស៉ីនោះ ពេលនេះជនរងគ្រោះបានដកពាក្យបណ្តឹងហេីយ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រគល់ជូនអង្គភាពវិញ ដើម្បីបន្តនីតិវិធីរបស់ថ្នាក់ដឹកនាំ តើត្រូវដាក់ពិន័យតាមកម្លាំងបែបណា។
គួររំលឹកថា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯងម្នាក់ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងខ្លីបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់នគរបាលដូចគ្នា និងជាមិត្តភក្តិគ្នាផងដែរ ដោយសារតែមានជម្លោះក្នុងវង់ផឹកស៊ី ។
ជនសង្ស័យមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលដូចគ្នា ។
យោងតាមអង្គហេតុនៃករណីនេះត្រូវបានសមត្ថកិច្ចថ្លែងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ៈ៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ីក្នុងភោជនីយដ្ឋានមួយយីហោ ហ្ស៊ឹម ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀតប្រហែល១០នាក់ ។
លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅឱ្យជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏ឱនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឱ្យជនសង្ស័យនិយាយថា ជនរងគ្រោះមើលងាយខ្លួន ។
ក្រោយមក ជនសង្ស័យបានទាញកាំភ្លើងខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារមកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់បំបែកចេញពីគ្នា ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យដែលជាមន្រ្តីនគរបាលទំនើង ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យប្រគល់ជូនអង្គភាពវិញដើម្បីឲ្យថ្នាក់ដឹកនាំដាក់ពិន័យតាមកម្លាំង ៕ដោយ៖ សុខាសែនជ័យ