បុរសចំណាស់យកមងទៅរាយក្នុងបឹង ដើម្បីយកត្រីហើយសង្ស័យរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារកូនចៅបន្ទាប់ពីប្រទះឃើញឪពុកលង់ទឹកបឹងនិងប្រញាប់ប្រញាល់លើកស្រង់មកជួយសង្គ្រោះធ្វើចលនារលាក់ទឹកចេញ តែអកុសលហួសពេលទៅហើយ បន្ទាប់ពីជនរងគ្រោះយកមងទៅរាយក្នុងបឹងដើម្បីយកត្រី តែសង្ស័យគាត់រអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅធ្វើឱ្យលង់ទឹកស្លាប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ
នាក់ ពិត  អាយុ ៦០ឆ្នាំ មុខរបរកសិករ
រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពពីក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុឪពុករបស់ខ្លួនក្រោយពីសម្រាកការងារក៏ឆ្លៀតពេលយកមងទៅរាយក្នុងបឹងដើម្បីយកត្រី ដោយម្នាក់ៗមិនបានចាប់អារម្មណ៍ឡើយ។ក្រោយពីបាត់ឪពុកយូរពេកមិនឃើញត្រឡប់មកផ្ទះវិញទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញគាត់លង់ទឹកបឹងសង្ស័យជ្រុលជើងចូលកន្លែងទឹកជ្រៅបណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន ព្រោះមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print