កងពលតូចថ្មើរជើងលេខ៥១ ធ្វើយុទ្ធដំណើរទ័ព និងបាញ់គ្រាប់ពិត វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ នឹងវគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានអញ្ជើញចុះត្រួតពិនិត្យ សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ នឹងវគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ, យុទ្ធដំណើរទ័ព,បាញ់គ្រាប់ពិត រួមគ្នានៅទីលានបាញ់គ្រាប់ពិតរបស់កងពលស្ថិតក្នុង ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍ វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ សិក្ខាកាមសរុបចំនួន១០០នាក់ និងវគ្គកហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ ៥០នាក់ ហ្វឹកហ្វឺនរយះពេល៩១ថ្ងៃ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ វគ្គហ្វឹកហ្វឺននេះធ្វើយុទ្ធដំណើរទ័ព ចម្ងាយ២៤គីឡូម៉ែត្រ និងបាញ់គ្រាប់ពិតអាវុធប្រភេទAK47 និងPKMS។

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជា ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបានតាមបទបញ្ជាថ្នាកលើ ស្របតាមពាក្សស្លោក ស៊ូបង្ហូរញើសលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ។ ក្រៅពីភារកិច្ចស្នូល គ្រប់បណ្តាកងឯកភាព ត្រូវយកចិត្តទុកដាក់ត្រៀមជានិច្ច នូវកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ចុះជួយប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ សាកសមជាយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលរក្សាបាននូវភក្តីភាពរវាង កងទ័ព និងប្រជាជន។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះ នាយទាហាន យោធាចារ្យ គ្រូគ្រប់គ្រង់ ដែលខិតខំយកចិត្តទុកដាក់ ផ្តល់ចំណេះដឹង ដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានឆន្ទះមោះមុត ក្នុងការអនុវត្តភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដោយឃើញថាសិក្ខាកាម បានខិតខំ យកចិត្តទុកដាក់រៀនសូត្រ អនុវត្តតាមបទបញ្ជាផ្ទៃក្នុងពេលហ្វឹកហ្វឺន រហូតដល់បញ្ចប់វគ្គ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print