បុរសម្នាក់ត្រូវគេសង្ស័យថាស្លាប់ដោយសារខ្សែភ្លើងឆក់ខណៈចុះជួសជុលម៉ូទ័របូមទឹកក្នុងទន្លេមិនបានប្រយ័ត្ន តែតាមពិតគាត់លង់ទឹកសោះ!!

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ពេលគេឃើញបុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈចុះទៅជួសជុលម៉ូទ័របូមទឹក នៅក្នុងទឹកទន្លេជាមួយនឹងចៅប្រុសម្នាក់ អាយុ៨ឆ្នាំ ហើយដោយសារចៅចាំតាយូរពេកក៏ឡើងទៅលេងលើច្រាំង តែមិនយូរប៉ុន្មានចៅក៏រត់ចុះទៅមើលតាវិញ ស្រាប់តែឃើញតាអណ្តែតផ្គាប់មុខហៅមិនឆ្លើយ ទើបចៅស្រែកយំផងចុះទាញតាមកក្បែរច្រាំងផង ហើយរត់ទៅប្រាប់ឪពុកម្តាយនិងយាយឱ្យហៅគេឯងជួយស្រង់តាឡើងលើគោក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ៈ២០នាទី ថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ករណីដែលបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតខណៈចុះទៅមើលម៉ូទ័របូមទឹកដើម្បីជួសជុលនោះ ជុំវិញរឿងនេះលោក លុន តៃហុង អធិការរងស្រុកបុរីអូរស្វាយសែនជ័យ ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២វិច្ឆិកានេះថា ជនរងគ្រោះដែលបានស្លាប់ខាងលើនោះ មានឈ្មោះ
ខាំផាន់ ប៊ុនលឿម ភេទប្រុស អាយុ៦៥ឆ្នាំជនជាតិខ្មែរ មានមុខរបរលក់ទឹកកកអនាម័យ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។នៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់តានិងចៅប្រុសម្នាក់មានអាយុប្រមាណ៨ឆ្នាំ បានចុះទៅទន្លេមើលម៉ូទ័របូមទឹក ដើម្បីជួសជុលម៉ូទ័រ ព្រោះផ្ទះគាត់ផលិតទឹកកកអនាម័យ តែក្រោយមកដោយចៅរបស់គាត់ចាំតាយូរពេកក៏រត់ឡើងមកលេងលើច្រាំងទន្លេវិញ។ ក្រោយមកចៅបាត់តាយូរក្រឡើងមកលើច្រាំង ក៏រត់ចុះច្រាំងទន្លេទៅមើលតាម្តងទៀតស្រាប់តែឃើញតាអណ្តែតផ្កាប់មុខនៅក្នុងទឹកហៅមិនឆ្លើយក៏ចុះទាញតាមកកៀនច្រាំង ហើយរត់ឡើងស្រែកយំបណ្តើរហៅឪពុកម្តាយនិងអ្នកជិតខាងបណ្តើរ ឲ្យចុះមកជួយស្រង់សពតាដាក់លើគោក។

លោកអធិការរងស្រុកបានបញ្ជាក់ថា: ក្រោយពីការពិនិត្យនិងធ្វើកោសល្យវិច័យ ពីគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ ព្រមទាំងក្រុមគ្រួសាររបស់ជនរងគ្រោះទៅលើសាកសពជនរងគ្រោះឃើញថា នៅលើខ្លួនប្រាណរបស់សាកសពដែលបានស្លាប់នោះអាចស្លាប់ដោយសារលង់ទឹក ព្រោះតាមការបញ្ជាក់ពីក្រុមគ្រួសារថា គាត់មានសុខភាពមិនប្រក្រតី មានជំងឺលើសឈាមផង ប្រហែលជាពេលគាត់អោនងើបៗ ឈាមឡើងធ្វើទុក្ខដួលឈ្លក់ទឹកស្លាប់តែម្តង មិនមែនឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ដូចការសន្និដ្ឋានខាងលើនោះទេ។ ក្រោយពិនិត្យទៅពុំមានស្លាកស្នាមជាំខ្មៅដែលបញ្ជាក់ថាឆ្លងចរន្តអគ្គីសនីឆក់ស្លាប់នោះឡើយ។
សាកសពរបស់ជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print