ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន គ.ប.ផ.ក. និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃ ទទួលភារកិច្ចប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (SOMTC- Leander) បានដឹងនាំគណៈប្រតិភូ នៃក្រុមការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពី ” ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-14) លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ” តាមប្រព័ន្ធវីដេអូ ដែលមានបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ចូលរួម ហើយកិច្ចប្រជុំនេះបានរៀបចំឡើងដោយប្រទេសវៀតណាមជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ផងដែរថា ៖ ក្រុមការងារនេះ ជាយន្តការជាតិមានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការងារដឹកនាំសម្របសម្រួល ប្រមូលផ្ដុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អង្គការអន្តរជាតិ បណ្តាដៃគូសហការពាក់ព័ន្ធ ផ្នែកឯកជន រួមទាំងយន្តការក្នុងតំបន់ បណ្តាប្រទេសជាសាជិកអាស៊ាន និងបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ដែលកេីតមាននៅក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា និងក្រៅដែនដីព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ សិលា