ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរផែនការខេត្តបានសហការជាមួយរដ្ឋបាលស្រុកសេសានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកឃុំនិងផែនការវិនិយោគបីឆ្នាំ រំកិល២០២១-២០២៣ដើម្បីផ្សព្វផ្សាយនិងបង្ហាញពីគម្រោងសម្រាប់អភិវឌ្ឍន៍ស្រុកឃុំ និងសុំការគាំទ្រពីមន្ទីរអង្គភាពជំនាញ សប្បុរសជននិងអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍន៍។
សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកសេសាន ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក អភិបាលរងស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុកឃុំ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តបានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកឃុំធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជោគជ័យក្នុងការអនុវត្តនូវផែនការវិនិយោគនិងអភិវឌ្ឍន៍នានារបស់ស្រុកឃុំកន្លងមក និងបង្ហាញពីផែនការបន្តបន្ទាប់ដល់មន្ទីរអង្គភាពជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍន៍ ដើម្បីឲ្យពួកគាត់ពិនិត្យលទ្ធភាពគាំទ្រគម្រោងរបស់ស្រុកឃុំ និងចូលរួមជាថវិកាឬធនធានចូលរួមក្នុងគម្រោងសម្រាប់អភិវឌ្ឍន៍តាមមូលដ្ឋានស្រុកឃុំ។
លោកបន្តថា រាល់គម្រោងដែលស្រុកឃុំបានដាក់ចេញសម្រាប់ការអភិវឌ្ឍគឺសុទ្ធតែបានពិនិត្យនិងច្បិចយកនូវគម្រោងជាអាទិភាពសំខាន់ៗចេញពីផែនការអភិវឌ្ឍន៍និងវិនិយោគសម្រាប់ឆ្នាំ២០២១-២០២៣ របស់រដ្ឋបាលស្រុកឃុំ ដើម្បីធ្វើយ៉ាងណាឲ្យមានការគាំទ្រពីអង្គភាពជំនាញនិងអង្គការជាដៃគូអភិវឌ្ឍន៍ ជាប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋានបានកាន់តែឆាប់រហ័ស។
ក្នុងនេះផងដែរលោក ញ៉ែម សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា នេះជាឱកាសល្អសម្រាប់មន្ទីរជំនាញនិងអង្គការសង្គមស៊ីវិលក្នុងការពិនិត្យលទ្ធភាពចូលរួមគាំទ្រក្នុងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ស្រុកឃុំ ពិសេសស្រុកសេសានដែលជាស្រុកគំរូមួយក្នុងខេត្តដែលកំពុងមានការអភិវឌ្ឍ។
លោកថា យោងតាមការផ្សព្វផ្សាយរបស់ស្រុកឃុំ ក្នុងសិក្ខាសាលានេះ សម្រាប់ស្រុកសេសាន និងបណ្តាឃុំនានានៃស្រុកមានគម្រោងអភិវឌ្ឍន៍នានាជាច្រើនជាពិសេសនៅតាមតំបន់ដាច់ស្រយោលដែលកំពុងត្រូវការជាចាំបាច់នូវការគាំទ្រគម្រោងអភិវឌ្ឍន៍ពីសំណាក់មន្ទីរជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិល ។
លោកញ៉ែម សារី បានសំនូមពរដល់មន្ទីរអង្គភាពជំនាញ សប្បុរសជននិងអង្គការសង្គមស៊ីវិលទាំងអស់ពិចារណា និងគាំទ្រនូវរាល់គម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលស្រុកសេសាន និងបណ្តាឃុំផ្សេងៗទៀតក្នុងស្រុកសេសានទាំងមូល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍស្របទៅតាមគម្រោងដែលបានដាក់ចេញ៕
ដោយ ៖ មាស សុផាត