ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការអភិវឌ្ឍ និងជួសជុលកែលម្អជាលំដាប់ចាប់តាំងពីទីបញ្ជាការកងរាជអាវុធហត្ថខេត្តរហូតដល់មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខជាបន្តបន្ទាប់ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលនិងអគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត ដែលសាងសង់រួចមួយរយភាគរយមានទទឹង១១ម៉ែត្រ បណ្ដោយ២២ម៉ែត្រ និងកម្ពស់២ជាន់ ដែលសាងសង់ឡើងអស់រយ:ពេល៩ខែកន្លងមក។ ក្នុងនោះជាន់ផ្ទាល់ដីមានបន្ទប់ផ្នែកមន្ត្រីនគរបាលយុត្តិធម៌ មានបន្ទប់មេបញ្ជាការរងទទួលការងារព្រហ្មទណ្ឌ, បន្ទប់សួរចម្លើយ និងបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន និងឃ្លាំងដាក់សម្ភារបរិក្ខារ, មានផ្ទះបាយ និងបន្ទប់អនាម័យ។ ជាន់ទី១មានបន្ទប់ស្នាក់នៅរបស់កងកម្លាំងចំនួន៤បន្ទប់ និងបន្ទប់អនាម័យចំនួន១បន្ទប់ផងដែរ៕ដោយ ៖ ស សម